(បាងកក)៖ អាជ្ញាធរសុខាភិបាលថៃនៅថ្ងៃសុក្រនេះ បានរាយការណ៍ពីការរកឃើញ ចង្កោមនៃករណីឆ្លងវីរុស COVID-19 បំប្លែងថ្មី Omicron ក្នុងសហគមន៍ជាលើកដំបូង នៅក្នុងខេត្ត កាឡាស៉ីន (Kalasin) ភាគឦសានប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅល្ងាចថ្ងៃសុក្រ ទី២៤ ខែធ្នូ ឆ្នាំ២០២១។
អ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងស្ថានការណ៍ COVID-19 នៃរដ្ឋាភិបាលថៃ លោកស្រី អាភិសាម៉ៃ ស្រ៊ីរាំងសាន (Apisamai Srirangsan) បាននិយាយថា ករណីឆ្លងជាចង្កោមថ្មីៗនៅក្នុងខេត្ត Kalasin មានចំនួន ២១ករណី ដែលការឆ្លងនេះ គឺកើតចេញពីប្តីប្រពន្ធមួយគូ ដែលបានធ្វើដំណើរមកពីប្រទេសបែលហ្ស៉ិក តាមរយៈគម្រោង Test & Go របស់ប្រទេសថៃ ដែលបានលើកលែងការធ្វើចត្តាឡីស័ក សម្រាប់ការមកដល់នៃអ្នក ដែលបានទទួលការចាក់វ៉ាក់សាំងរួចរាល់។
អ្នកទាំងពីរនេះ ត្រូវបានអាជ្ញាធរថៃអះអាងថា បានធ្វើតេស្តអវិជ្ជមានចំពោះ COVID-19 មុនពេលធ្វើដំណើរ និងបន្ទាប់ពីធ្វើដំណើរមកដល់ប្រទេសថៃ កាលពីដើមខែធ្នូនេះ។ លោកស្រី Apisamai Srirangsan បានបន្ថែមថា «គិតត្រឹមថ្ងៃទី១៥ ខែធ្នូ ពួកគេចាប់ផ្តើមចេញរោគសញ្ញា និងបានធ្វើតេស្តវិជ្ជមាន COVID-19 ហើយក្រោយមកត្រូវបានបញ្ជាក់ថា ជាវីរុសបំប្លែងថ្មី Omicron»។
គួរបញ្ជាក់ថា រហូតមកទល់ពេល ប្រទេសថៃបានកត់ត្រានូវករណីឆ្លងវីរុស COVID-19 បំប្លែងថ្មី Omicron សរុបនៅទូទាំងប្រទេស ២០៥ករណីហើយ ប៉ុន្តែភាគច្រើនជាជនបរទេស ដែលបានធ្វើដំណើរមកដល់ប្រទេសនេះ។ ដោយឡែក គម្រោង Test & Go ក៏ត្រូវបានផ្អាកជាបណ្តោះអាសន្នផងដែរ នៅក្នុងសប្តាហ៍នេះ ដើម្បីទប់ទល់ការរាតត្បាត Omicron៕