(សេអ៊ូល)៖ យន្តការចែកចាយវ៉ាក់សាំងអន្តរជាតិ COVAX និងអង្គការសុខភាពពិភពលោក (WHO) ទើបតែបានផ្តល់វ៉ាក់សាំងបង្ការ COVID-19 សរុប ១.២៩លានដូសបន្ថែមទៀតដល់កូរ៉េខាងជើង ដែលជាប្រទេសមិនទាន់បានរាយការណ៍ ពីការរកឃើញវត្តមាន COVID-19 នោះឡើយ សូម្បីតែមួយករណី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yonhap នារសៀលថ្ងៃសុក្រ ទី២៤ ខែធ្នូ ឆ្នាំ២០២១។
បើតាមរបាយការណ៍ចុងក្រោយ ការផ្តល់ជូនខាងលើនេះធ្វើឲ្យចំនួនវ៉ាក់សាំងបង្ការ COVID-19 សរុបដែលយន្តការអន្តរជាតិមួយ បានផ្តល់ដល់ប្រទេសកូរ៉េខាងជើង កើនឡើងដល់ ៨.១២លានដូស។ យ៉ាងណាក៏ដោយ គ្មានទិន្នន័យផ្លូវការណាមួយអាចបញ្ជាក់ថា តើក្នុងចំណោមប្រជាជនកូរ៉េខាងជើងទាំងជាង ២៥លាននាក់នោះ ប៉ុន្មានភាគរយបានទទួលការចាក់វ៉ាក់សាំងនៅឡើយទេ។
គួរបញ្ជាក់ថា COVAX នៅតែបន្តផ្តល់វ៉ាក់សាំងទៅដល់កូរ៉េខាងជើង ដោយជ្រើសរើសយកវ៉ាក់សាំង AstraZeneca តែមួយមុខប៉ុណ្ណោះ ព្រោះវាជាម៉ាកវ៉ាក់សាំងដែលទីក្រុងព្យុងយ៉ាង ធ្លាប់បានសម្រេចចិត្តទទួលយក កាលពីលើកដំបូង។ ប្រសិនបើកូរ៉េខាងជើង ប្រើប្រាស់វ៉ាក់សាំងទាំងអស់់ខាងលើនេះមែន នោះប្រជាជនប្រទេសនេះ ១៦% នឹងបានទទួលការចាក់ «គ្រប់ដូស»៕