(ប៉េកាំង)៖ នាពេលថ្មីៗកន្លងទៅនេះ ប្រទេសចិនបានប្រកាសថា ទាក់ទិននឹងបញ្ហាអាមេរិកដាក់ទណ្ឌកម្មដោយខុសច្បាស់ ទៅលើមន្ត្រីចិន៤រូប ដោយអនុលោមតាមច្បាប់ក្នុងស្រុកអាមេរិក ដែលយកបញ្ហាសិទ្ធិមនុស្សនៃតំបន់ស៊ីនជាំង ធ្វើជាលេសនោះ ប្រទេសចិនសម្រេចចិត្តធ្វើការតបតវិញដូចគ្នា ហើយអនុលោមតាម «ច្បាប់ប្រឆាំងការដាក់ទណ្ឌកម្មពីបរទេស» របស់ប្រទេសចិន ពោលគឺចាប់ពីថ្ងៃនោះតទៅ ចាត់វិធានការតបតវិញស្មើគ្នាទៅលើលោក Nadine Maenza ប្រធានគណៈកម្មាធិការសេរីភាពសាសនាអន្តរជាតិ របស់អាមេរិក លោកNury Turkel អនុប្រធាន លោក Anurima Bhargava និងលោក Anurima Bhargava ដែលជាសមាជិកនៃគណៈកម្មាធិការនេះ។
ទង្វើរបស់ប្រទេសចិនបែបនេះ មិនគ្រាន់តែបានគាំពារយ៉ាងមុតមាំនូវអធិបតេយ្យភាពនិងសន្តិសុខជាតិ ក៏ដូចជាផលប្រយោជន៍អភិវឌ្ឍប៉ុណ្ណោះទេ ថែមទាំងក៏បានគាំពារយ៉ាងមុតមាំនូវ គោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងសមភាពអធិបតេយ្យភាពជាដើមផងដែរ ដែលបានបង្ហាញឱ្យឃើញ នូវអាកប្បកិរិយាយ៉ាងច្បាស់លាស់ ក្នុងការប្រឆាំងអនុត្តរភាពនិយម និងនយោបាយកម្លាំងបាយ។
អាមេរិកធ្វើអ្វីដែលហៅថា ដាក់ទណ្ឌកម្មទៅលើមន្ត្រីពាក់ព័ន្ធរបស់ប្រទេសចិន គឺសំអាងទៅលើពាក្យភូតកុហកនិងព័ត៌មានក្លែងក្លាយ ដែលវាមិនអាចទៅរួចតាំងពីដើមមក។ ក្នុងមួយរយៈកាលយូរ ប្រទេសចិនបានបកស្រាយម្ដងហើយម្ដងទៀត ពីភាពចាំបាច់នៃការអនុវត្តវិធានការប្រឆាំងភេរវកម្ម ដែលមានវិធានការបង្ការនៅតំបន់ស៊ីនជាំង និងការពិតជាក់ស្តែងនៃការអភិវឌ្ឍ និងវិបុលភាពនៃតំបន់ស៊ីនជាំង ប៉ុន្តែអ្នកនយោបាយអាមេរិកនៅតែធ្វើពុតជាមិនដឹងមិនឮ រហូតដល់ធ្វើឧបាយកលខាងនយោបាយ ប្រឌិតពាក្យភូតកុហក ជួល «អ្នកសម្តែង» និងបង្កើតឆាកកំប្លែង «សិទ្ធិមនុស្សក្លែងក្លាយ ធ្វើអនុត្តរភាពពិតប្រាកដ» មួលបង្កាច់ប្រទេសចិន ប៉ុនប៉ងទប់ស្កាត់ការវិវឌ្ឍរីកចម្រើននៃតំបន់ស៊ីនជាំង ដើម្បីសម្រេចបាននូវគោលដៅដ៏អាក្រក់ ពោលគឺ «ទប់ស្កាត់ប្រទេសចិនដោយយកបញ្ហាស៊ីនជាំងធ្វើជាលេស»។
មិនថា «ពួកសិទ្ធិមនុស្ស» របស់អាមេរិកទាំងនេះបង្ករឿងដល់កម្រិតណាឡើយ ក៏មិនអាចបិទបាំងការពិតបានដែរ។ នៅតំបន់ស៊ីនជាំង អ្នកជឿសាសនាអ៊ីស្លាមអាចធ្វើសកម្មភាពសាសនាជាប្រក្រតី នៅវិហារអ៊ីស្លាមឬក៏នៅផ្ទះរបស់ខ្លួន ហើយអាចទទួលបានការគាំពារពីផ្លូវច្បាប់។ មនុស្សជាច្រើនដែលធ្លាប់ទៅដល់តំបន់ស៊ីនជាំងសុទ្ធតែបានឃើញថា ប៉ុន្មានឆ្នាំចុងក្រោយនេះ លក្ខណៈសម្បតិ្តនៃទីកន្លែងប្រារព្ធសកម្មភាពសាសនា នៅតំបន់ស៊ីនជាំងទទួលបានកែលម្អជាបន្តបន្ទាប់។ នៅវិហារអ៊ីស្លាម ភាគច្រើនមានបរិក្ខារដូចជាទឹកផឹក អគ្គីសនីនិងឧបករណ៍ធ្វើគមនាគមន៍ជាដើម ហើយក៏មានសេវាកម្មខាងព្យាបាលរោគ និងឱសថ មានបំពាក់អេក្រង់អេឡិចត្រូនិកនិងម៉ាស៊ីនត្រជាក់ជាដើម ដើម្បីផ្តល់ភាពងាយស្រួលដល់សាសនិក។
ទាក់ទិននឹងបញ្ហាពាក់ព័ន្ធនឹងស៊ីនជាំង ប្រទេសចិនប្រកាន់ខ្ជាប់ឥរិយាបថដូចគ្នាជាប់រហូត ពោលគឺមិនអនុញ្ញតឱ្យ កម្លាំងខាងក្រៅជ្រៀតជ្រែកជាដាច់ខាត អ្វីដែលហៅថា «ទប់ស្កាត់ប្រទេសចិនដោយយកបញ្ហាស៊ីនជាំងធ្វើជាលេស» ពិតជានឹងទទួលបរាជ័យជាមិនខាន។ អាមេរិកចាំបាច់ត្រូវលុបចោលអ្វីដែលហៅថា ដាក់ទណ្ឌកម្មទៅលើមន្ត្រីចិន និងបញ្ឈប់ជ្រៀតជ្រែកកិច្ចការស៊ីនជាំងនិងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។
បើសិនជាអាមេរិកទទូចធ្វើតាមទំនើងចិត្ត នោះប្រទេសចិននឹងធ្វើប្រតិបតិ្តការថែមទៀត ទៅតាមការវិវឌ្ឍនៃសភាពការណ៍។ ការធ្វើតបតវិញស្មើគ្នាលើកនេះបានសឱ្យឃើញថា ប្រទេសចិននិយាយម៉ាត់ណាម៉ាត់ហ្នឹង អ្នកណាក៏មិនអាចមើលស្រាល ចំពោះការប្តេជ្ញាចិត្តនិងឆន្ទៈដ៏មោះមុតរបស់ប្រទេសចិនក្នុងការគាំពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួននោះឡើយ៕