(តូក្យូ)៖ កងទ័ពសហរដ្ឋអាមេរិក និងជប៉ុនបានរៀបចំសេចក្តីព្រាងផែនការមួយរួចហើយ ក្នុងការចេញប្រតិបត្តិការរួមគ្នាដែលអាចទៅរួច ដើម្បីជួយសង្គ្រោះកោះតៃវ៉ាន់ក្នុងគ្រាអាសន្ន ខណៈភាពតានតឹងរវាងកោះនេះ និងមហាយក្សចិនកំពុងវិវឌ្ឍកាន់តែក្តៅគគុក។ នេះបើតាមប្រភពពីមន្ត្រីរដ្ឋាភិបាលជប៉ុន ដែលសុំមិនបញ្ចេញអត្តសញ្ញាណ ប្រាប់ទីភ្នាក់ងារសារព័ត៌មាន Kyodo នៅរសៀលថ្ងៃសុក្រ ទី២៤ ខែធ្នូ ឆ្នាំ២០២១។

ប្រទេសចិនបានចាត់ទុកកោះតៃវ៉ាន់ ត្រឹមតែជាតំបន់មួយរបស់ខ្លួនប៉ុណ្ណោះ ដោយស្របទៅតាមច្បាប់អន្តរជាតិ។ កន្លងមកនេះ ចិនត្រូវបានគេមើលឃើញថា បានប្រើប្រាស់មធ្យោបាយទាំងក្តៅផង និងត្រជាក់ផង ដើម្បីកៀរគរកោះតៃវ៉ាន់ ឲ្យមករួមរស់ជាមួយខ្លួនវិញដោយសន្តិវិធី ហើយបានចោទប្រកាន់បក្សកាន់អំណាច របស់លោកស្រី ត្សៃ អ៊ីងវិន បច្ចុប្បន្ននេះថា កំពុងបង្កប់ចេតនាចង់បានឯករាជ្យ តាមរយៈការគប់គិតជាមួយកងកម្លាំងបរទេស ដែលទីក្រុងប៉េកាំងគ្មានថ្ងៃអនុញ្ញាតឲ្យរឿងនេះ កើតមានឡើងជាដាច់ខាត។

បើតាមប្រភពពីមន្ត្រីរដ្ឋាភិបាលជប៉ុនខាងលើនេះ កងទ័ពជើងទឹកសហរដ្ឋអាមេរិក នឹងបង្កើតមូលដ្ឋានបណ្តោះអាសន្នមួយ នៅលើកោះ ណានសេអ៊ិ (Nansei) ដែលជាប្រជុំកោះក្រវាត់របស់កោះធំ គ្យូស៊ុ (Kyushu) នៃភាគនិរតីប្រទេសជប៉ុន។ Kyushu គឺជាកោះធំបំផុតមួយក្នុងចំណោមកោះធំៗទាំង ៤ របស់ប្រទេសជប៉ុន ដែលងាយស្រួលជាងគេក្នុងការចេញប្រតិបត្តិការយោធា នៅពេលកោះតៃវ៉ាន់ជួបគ្រោះអាសន្ន។

ប្រភពដដែលបានបន្តទៀតថា កងកម្លាំងនៃប្រទេសជប៉ុន នឹងងាយស្រួលក្នុងការផ្តល់ជំនួយដូចជា សព្វាវុធ និងឥន្ធនៈជាដើម។ យ៉ាងណាក៏ ទាំងនេះត្រឹមតែជាសេចក្តីព្រាងប៉ុណ្ណោះ ដោយយោធាសហរដ្ឋអាមេរិក និងជប៉ុន នឹងត្រូវជួបពិភាក្សាគ្នាក្នុងកិច្ចប្រជុំ «២+២» ដើម្បីពិភាក្សា និងចុះហត្ថលេខាសម្រេច នៅដើមឆ្នាំ២០២២ ខាងមុខនេះ ដែលអាចនឹងមានការចូលរួមដោយ រដ្ឋមន្ត្រីការពារជាតិ និងរដ្ឋមន្ត្រីការបរទេស នៃប្រទេសទាំងពីរ។

គួរបញ្ជាក់ថា ភ្លាមៗបែបនេះ ប្រទេសចិនមិនទាន់បញ្ចេញប្រតិកម្មណាមួយ តបតនឹងសេចក្តីរាយការណ៍ព័ត៌មានដ៏រសើបខាលើនេះឡើយ។ ដោយឡែក សម្រាប់មន្ត្រីនៃក្រសួងការពារជាតិជប៉ុនវិញ ក៏មិនទាន់ធ្វើការបកស្រាយអ្វីដែរ នៅពេលត្រូវបានអ្នកសារព័ត៌មាន ទាក់ទងទៅសួរនាំ៕