Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING: លោក មូន ចេអ៉ីន អាចនឹងផ្តល់ការលើកលែងទោសដល់ អតីតប្រធានាធិបតីកូរ៉េខាងត្បូង ផាក គឺនហេ (Video inside)

24-12-2021 09:00

(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៊ីន ត្រូវបានគេបង្ហើបឲ្យដឹងថា អាចនឹងផ្តល់ការលើកលែងទោសដល់ អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ផាក គឺនហេ (Park Geun-hye) ដែលបច្ចុប្បន្នកំពុងជាប់ពន្ធនាគារ ពាក់ព័ន្ធនឹងរឿងក្តីពុករលួយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yonhap នាព្រឹកថ្ងៃសុក្រ ទី២៤ ខែធ្នូ ឆ្នាំ២០២១។

លោកស្រី ផាក គឺនហេ បានក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូង ដំបូងគេក្នុងប្រវត្តិសាស្ត្រ ដែលត្រូវបានទម្លាក់ចេញពីតំណែង ពេលកំពុងកាន់អំណាចកាលពីឆ្នាំ២០១៧ ដោយតុលាការធម្មនុញ្ញ ជុំវិញរឿងអាស្រូវពុករលួយ និងការគប់គិតគ្នាជាមួយមនុស្សជំនិត ក្នុងការទទួលបានប្រាក់មូលនិធិ រាប់លានដុល្លារពីក្រុមហ៊ុនធំៗក្នុងប្រទេស ដើម្បីបម្រើផលប្រយោជន៍ក្រុមគ្រួសារខ្លួនឯង។

កាលពីខែមករា ដើមឆ្នាំ២០២១ តុលាការកំពូលកូរ៉េខាងត្បូង បានទម្លាក់ចោលនូវការផ្ទន្ទាទោសលោកស្រី ផាក ដាក់ពន្ធនារយៈពេល ២០ឆ្នាំពីបទពុករលួយ និងបានផ្តល់ឱកាសជាលើកដំបូងឲ្យលោកស្រី បញ្ចប់ដំណើរការតតាំងតាមផ្លូវច្បាប់ ដែលត្រូវបានគេមើលឃើញថា លោកស្រីអាចនឹងទទួលបានការលើកលែងទោស។

មន្ត្រីរដ្ឋាភិបាលកូរ៉េខាងត្បូងម្នាក់ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Yonhap ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា «ខ្ញុំបានដឹងថា ឈ្មោះរបស់អតីតប្រធានាធិបតី ផាក ត្រូវបានដាក់ក្នុងបញ្ជីនៃមនុស្ស ដែលនឹងត្រូវទទួលបានការលើកលែងទោស»។ ទោះជាបែបនេះក្តី វិមានប្រធានាធិបតីកូរ៉េខាងត្បូង មិនទាន់ធ្វើការឆ្លើយតបណាមួយ ចំពោះសេចក្តីរាយការណ៍ខាងលើនេះនៅឡើយទេ។

គួរបញ្ជាក់ថា កន្លងមកនេះគណបក្សកាន់អំណាចរបស់លោក មូន ចេអ៊ីន ធ្លាប់បានបំផុសគំនិតមួយថា ការលើកលែងទោសឲ្យលោកស្រី ផាក គឺនហេ និងអតីតប្រធានាធិបតីកូរ៉េខាងត្បូងមួយរូបទៀត គឺលោក លី ម្យុងបាក់ (Lee Myung-bak) គឺជាសញ្ញាបង្ហាញអំពីការរួបរួមជាតិ។ លោកស្រី ផាក គឺហេ ដែលបច្ចុប្បន្នមានវ័យ ៦៩ឆ្នាំ ត្រូវបានគេដឹងថា កំពុងជាប់ពន្ធនាគារជាមួយនឹងជំងឺប្រចាំការធ្ងន់ធ្ងរ៕