(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅក្នុងសន្និសីទកាសែតប្រចាំឆ្នាំរបស់លោក នៅថ្ងៃព្រហស្បតិ៍នេះថា រុស្ស៊ី និងចិនជឿជាក់គ្នាទៅវិញទៅមក ហើយកិច្ចសហប្រតិបត្តិការរបស់ពួកគេ គឺជាកត្តាស្ថិរភាពនៅក្នុងឆាកអន្តរជាតិ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។
លោក ពូទីន បានលើកឡើងបែបនេះ នៅពេលឆ្លើយសំណួរដែលលើកឡើងដោយស៊ីនហួ ដោយបានគូសបញ្ជាក់ថា ប្រទេសរុស្ស៊ីនិងចិនបានបង្កើត «ភាពជាដៃគូដ៏ទូលំទូលាយនៃលក្ខណៈយុទ្ធសាស្ត្រ ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ»។
លោកបានកត់សម្គាល់ថា ប្រទេសទាំងពីរកំពុងធ្វើសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ថាមពល បច្ចេកវិទ្យាជាន់ខ្ពស់ ព្រមទាំងវិស័យការពារជាតិផងដែរ។
ប្រធានាធិបតីរុស្សីរូបនេះបានបន្ថែមថា «ការងារប្រចាំថ្ងៃដ៏មមាញឹកនេះ បានផ្តល់ផលប្រយោជន៍ទាំងប្រជាជនចិន និងរុស្ស៊ី ហើយជាកត្តាស្ថេរភាពដ៏សំខាន់នៅក្នុងឆាកអន្តរជាតិ»៕