(ប៉េកាំង)៖ ទីក្រុងស៉ីអាន (Xi'an) នៃប្រទេសចិន នៅថ្ងៃអង្គារ ទី២១ ខែធ្នូ ឆ្នាំ២០២១នេះបានចាប់ផ្តើមធ្វើតេស្តរកជំងឺ COVID-19 លើប្រជាជនរាប់លាននាក់ បន្ទាប់ពីការរកឃើញករណីឆ្លងថ្មីៗជាង ៤០ករណី ដែលបានធ្វើឱ្យមានការព្រួយបារម្ភអំពីការឆ្លងរីករាលដាលកាន់តែទូលំទូលាយនៅមុនរដូវកាលធ្វើដំណើរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ប្រទេសចិន នាពេលឥឡូវនេះ កំពុងព្យាយាមប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងវិញនៃការឆ្លងជំងឺ COVID-19 ក្នុងសហគមន៍នៅក្នុងទីក្រុងជាច្រើន រួមទាំងមជ្ឈមណ្ឌលឧស្សាហកម្មសំខាន់ៗនៅភាគខាងកើត និងភាគខាងត្បូងប្រទេសផងដែរ។

បើតាមតួលេខពីគណៈកម្មការសុខាភិបាលក្នុងតំបន់ Xi'an ដែលជាទីក្រុងភាគពាយ័ព្យ ដែលមានប្រជាជនប្រហែល ១៣លាននាក់ នៅថ្ងៃអង្គារនេះបានរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៤២ករណី ដែលនាំឱ្យចំនួនករណីឆ្លងសរុប ដែលបានរកឃើញគិតចាប់តាំងពីថ្ងៃទី០៩ ខែធ្នូកើនឡើងដល់ ៩១ករណីហើយ។

ជុំវិញបញ្ហានេះ រដ្ឋាភិបាលក្នុងតំបន់បានប្រកាសជូនដំណឹងថា ទីក្រុង Xi'an ក៏បានដាក់ចេញនូវវិធានការរឹតត្បឹតមួយចំនួន ដោយបញ្ជាឱ្យបិទសាលារៀន និងកន្លែងកម្សាន្តដែលស្ថិតនៅកន្លែងបិទជិតធំៗ រួមទាំងបានលើកទឹកចិត្តប្រជាជនឱ្យចៀសវាងការចេញទៅក្រៅ និងការជួបជុំគ្នាជាក្រុមធំៗផងដែរ៕