(គូឡាឡាំពួ)៖ អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៉ី លោក មហាធៀរ មហាម៉ាត់ (Mahathir Mohamad) បានបញ្ចប់ការត្រួតពិនិត្យសុខភាពរួចរាល់ទាំងអស់ហើយ និងអាចចាកចេញពីមន្ទីរពេទ្យវិញបាន ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី២១ ខែធ្នូ ឆ្នាំ២០២១។

លោក មហាធៀរ ដែលបច្ចុប្បន្នមានវ័យ៩៦ឆ្នាំ និងធ្លាប់មានបញ្ហាបេះដូងផងដែរនោះ បានចូលសម្រាកនៅមន្ទីរពេទ្យ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដើម្បីធ្វើការត្រួតពិនិត្យសុខភាពគ្រប់ជ្រុងជ្រោយ។ ខាងមន្ទីរពេទ្យ ក៏ដូចជាអ្នកនាំពាក្យរបស់លោក មហាធៀរ ផ្ទាល់ មិនបានបញ្ជាក់ឲ្យជាក់លាក់តែម្តងនោះឡើយ អំពីមូលហេតុដែលលោកត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ។

គួរបញ្ជាក់ថា លោក មហាធៀរ បានក្លាយជានាយករដ្ឋមន្រ្តីម៉ាឡេស៉ី ដែលកាន់អំណាចបានយូរជាងគេ គឺរហូតដល់២២ឆ្នាំ ចាប់ពីឆ្នាំ១៩៨១ ដល់ឆ្នាំ២០០៣។ លោកបានត្រឡប់មកកាន់អំណាចសាជាថ្មី កាលពីឆ្នាំ២០១៨ ក្រោយដឹកនាំសម្ពន្ធភាពគណបក្សនយោបាយប្រឆាំង ឲ្យទទួលជ័យជម្នះជាប្រវត្តិសាស្រ្ត ដែលធ្វើឲ្យរូបលោកក្លាយជា ប្រមុខរដ្ឋាភិបាលដែលមានវ័យចំណាស់ជាងគេបំផុតលើលោក៕