(ប៊ែរឡាំង)៖ អាល្លឺម៉ង់ នឹងតម្រូវឱ្យអ្នកដំណើរមកពីចក្រភពអង់គ្លេស ធ្វើចត្តាឡីស័ក និងមានលិខិតបញ្ជាក់ពីលទ្ធផលតេស្ដអវិជ្ជមាន COVID-19 នៅពេលដែល ចូលមកដល់ប្រទេសរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៩ ខែធ្នូ ឆ្នាំ២០២១។

បើតាមវិទ្យាស្ថាន រ៉ូបឺត ខុច (Robert Koch) សម្រាប់ជំងឺឆ្លងនៃប្រទេសអាល្លឺម៉ង់ វិធានការខាងលើនឹងត្រូវអនុវត្តចាប់ពីថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះតទៅ។ អាជ្ញាធរសុខាភិបាលអាល្លឺម៉ង់បានជំរុញកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ឱ្យដាក់ចេញវិធានការរឹតត្បិតឡើងវិញលើអ្នកដំណើរមកពីចក្រភពអង់គ្លេស ជាទីដែល វីរុសបំប្លែងថ្មី Omicron កំពុងធ្វើឱ្យករណីឆ្លង COVID-19 ប្រចាំថ្ងៃស្ទុះងើបជាថ្មី។

គួរបញ្ជាក់ថា ចក្រភពអង់គ្លេស បានរាយការណ៍ពីករណីឆ្លង COVID-19 ប្រចាំថ្ងៃជាង ៩០,០០០ករណីកាលពីថ្ងៃសុក្រ ហើយតួលេខឆ្លងខ្ពស់បែបនេះត្រូវបាន ប្រកាសអស់រយៈពេល ៣ថ្ងៃមកហើយ។ ចំណែកឯ នៅអាល្លឺម៉ង់វិញ ករណីឆ្លង COVID-19 ប្រចាំថ្ងៃបានកើនឡើងគួរឱ្យកត់សម្គាល់ពីខែតុលា ដល់ខែវិច្ឆិកា ប៉ុន្តែ បានថយចុះមកវិញបន្តិចនៅក្នុងខែធ្នូនេះ ដោយកាលពីថ្ងៃសុក្រសប្ដាហ៍នេះ អាល្លឺម៉ង់មានអ្នកឆ្លងប្រចាំថ្ងៃ ៥០,៩៦៨នាក់៕