(កៀវ)៖ លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិ និងការពារជាតិនៃប្រទេសអ៊ុយក្រែន (NSDC) លោក អេឡិកស៊ី ដានីឡូវ (Oleksiy Danilov) បាននិយាយថា ក្នុងកាលៈទេសៈសព្វថ្ងៃ ទីក្រុងកៀវ មិនមានផែនការអនុញ្ញាតឱ្យមានការដាក់ពង្រាយកងទ័ពបរទេសនៅលើទឹកដីរបស់ខ្លួនឡើយ។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃអាទិត្យ ទី១៩ ខែធ្នូ ឆ្នាំ២០២១។

លោក Oleksiy Danilov ធ្វើការអះអាងខាងលើនៅក្នុងបទសម្ភាសន៍មួយជាមួយប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន។ លោកបន្ថែមទៀតថាទោះបីជាតំណាងអាមេរិក ចក្រភពអង់គ្លេស, ប៉ូឡូញ, លីទុយអានី និងបណ្ដាប្រទេសជាច្រើនទៀត កំពុងបណ្ដុះបណ្ដាលយោធាអ៊ុយក្រែនក៏ដោយ ប៉ុន្តែក្នុងពេលបច្ចុប្បន្ន គ្មានព័ត៌មាន ឬផែនការណាមួយត្រូវបានស្នើឡើងពាក់ព័ន្ធនឹងលទ្ធភាពក្នុងការដាក់ពង្រាយកងទ័ពបរទេសនៅលើទឹកដីអ៊ុយក្រែន ជាអចិន្ត្រៃយ៍នោះទេ។

គួរបញ្ជាក់ថា រុស្ស៊ីត្រូវបានគេរាយការណ៍ថាបានដាក់ពង្រាយកងទ័ពច្រើនជាង ៩០,០០០នាក់ នៅក្បែរតំបន់ព្រំដែន ហើយបើតាមទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់អាមេរិក បានព្រមានថារុស្ស៊ីអាចនឹងបើកការវាយប្រហារលើអ៊ុយក្រែន នៅខែមករា ឬដើមខែកុម្ភៈ ឆ្នាំ២០២២ខាងមុខនេះ។ ប៉ុន្តែខាងទីក្រុងម៉ូស្គូ បានច្រានចោលការចោទប្រកាន់ ដោយបញ្ជាក់ថាខ្លួនគ្មានផែនការវាយប្រហារលើប្រទេសដទៃណាមួយឡើយ៕