(វៀងច័ន្ទ)៖ រដ្ឋាភិបាលឡាវកាលពីថ្ងៃសុក្រសប្តាហ៍នេះ បានប្រកាសជាផ្លូវការថា ខ្លួននឹងបើកប្រទេសឡើងវិញ ដើម្បីចាប់ផ្តើមទទួលស្វាគមន៍ភ្ញៀវទេសចរសាជាថ្មី នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន Laotian Times នៅថ្ងៃសៅរ៍ ទី១៨ ខែធ្នូ ឆ្នាំ២០២១។

ក្រសួងវប្បធម៌និងទេសចរណ៍ឡាវ បានឲ្យដឹងថា ការបើកប្រទេសឡើងវិញនេះ នឹងត្រូវអនុវត្តក្នុង៣ដំណាក់កាល។ ដំណាក់កាលទី១ នឹងចាប់ផ្តើមពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២, ដំណាក់កាលទី២ ពីថ្ងៃទី០១ ខែមេសា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២, និងដំណាក់កាលទី៣ ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ តទៅ។

សម្រាប់ក្រុមប្រទេស ដែលអាចធ្វើដំណើរទៅកាន់ប្រទេសឡាវ ក្នុងដំណាក់កាលទី១ រួមមានដូចជា ចិន វៀតណាម កម្ពុជា ថៃ ម៉ាឡេស៉ី សិង្ហបុរី កូរ៉េខាងត្បូង ជប៉ុន បារាំង ចក្រភពអង់គ្លេស អាល្លឺម៉ង់ នេដឺលែន អេស៉្បាញ អ៉ីតាលី សហរដ្ឋអាមេរិក កាណាដា និងអូស្រ្តាលី។

ជាជំហានដំបូង ការធ្វើទេសចរណ៍នឹងត្រូវរឹតត្បិត នៅត្រឹមទម្រង់ជាការធ្វើដំណើរជាក្រុម ដែលរៀបចំឡើងប្រតិបត្តិករទេសចរណ៍ ដែលទទួលបានការអនុញ្ញាតពីអាជ្ញាធរឡាវ។ នៅក្រោមផែនការបើកឡើងវិញ ភ្ញៀវទេសចរទាំងអស់ នឹងត្រូវអនុញ្ញាតឲ្យធ្វើដំណើរទៅកាន់ តំបន់ដែលត្រូវបានកំណត់ជាតំបន់បៃតង ក្នុងប្រទេសឡាវប៉ុណ្ណោះ។

គួរបញ្ជាក់ថា លក្ខខណ្ឌផ្សេងៗសម្រាប់ភ្ញៀវទេសចរ រួមមានការចាក់វ៉ាក់សាំង COVID-19 បានពេញលេញ, ការធានារ៉ាប់រងសុខភាពមិនក្រោម៥០,០០០ដុល្លារ, និងលទ្ធផលនៃការធ្វើតេស្តរហ័សរក COVID-19 ក្នុងរយៈពេល៧២ម៉ោងចុងក្រោយ។ ពេលទៅដល់ប្រទេសឡាវ ពួកគេនឹងត្រូវធ្វើតេស្តរក COVID-19 ម្តងទៀត ហើយត្រូវអនុវត្តវិធានការចត្តាឡីស័ក រយៈពេលយ៉ាងហោច ២៤ម៉ោង នៅសណ្ឋាគារ ដើម្បីរង់ចាំលទ្ធផល៕