(ម៉ានីល)៖ អាជ្ញាធរនៅក្នុងប្រទេសហ្វីលីពីន នៅថ្ងៃសៅរ៍នេះបានឱ្យដឹងថា ចំនួនមនុស្សស្លាប់បានកើនឡើងដល់ ២១នាក់ហើយ ដោយសារខ្យល់ព្យុះទីហ្វុង រ៉ៃ (Rai) ដែលបានបង្កឱ្យមានគ្រោះទឹកជំនន់លិចភូមិជាច្រើន នៅតំបន់ភាគខាងត្បូង និងភាគកណ្ដាលនៃប្រទេសដីកោះនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃសៅរ៍ ទី១៨ ខែធ្នូ ឆ្នាំ២០២១។

បើតាមអាជ្ញាធរហ្វីលីពីន មនុស្សរហូតដល់ទៅជាង ៣០០,០០០នាក់ ត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព។ ព្យុះទីហ្វុង Rai បានក្លាយជាកំពូលព្យុះ ទីហ្វុងកំណាច «super typhoon» នៅពេលវាបក់បោកវាយប្រហារលើកោះ ស៊ីអាហ្គៅ (Siargao) កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ជាមួយល្បឿនខ្យល់បក់ ១៩៥គីឡូម៉ែត្រក្នុងមួយម៉ោង។

ក្រៅពីបានបង្កឲ្យមនុស្សស្លាប់ ព្យុះមួយនេះក៏បានបង្កការខូចខាត ព្រមទាំងធ្វើឱ្យប្រជាជនរស់នៅតាមតំបន់ជាច្រើន ក្នុងប្រទេសហ្វីលីពីន គ្មានអគ្គីសនីប្រើប្រាស់ផងដែរ។ អាជ្ញាធរហ្វីលីពីនបានអះអាងថា Rai ជាព្យុះខ្លាំងបំផុតហើយ ដែលបានបោកបក់លើហ្វីលីពីនក្នុងខែធ្នូនេះ។ ដោយឡែកកងកម្លាំងសង្គ្រោះសរុប ១៨,០០០នាក់ មកពីស្ថាប័នពាក់ព័ន្ធ បាននិងកំពុងចេញប្រតិបត្តិការបោសសម្អាត និងជួយសង្គ្រោះប្រជាជនរងគ្រោះ។

គួរបញ្ជាក់ថា ព្យុះទីហ្វុង Rai ត្រូវបានគេរំពឹងថា នឹងបក់បោកទៅដល់ទឹកដីវៀតណាម នៅថ្ងៃសៅរ៍នេះ។ ហ្វីលីពីនគឺជាប្រទេសមួយ ដែលតែងតែរងគ្រោះជាញឹកញប់ ដោយខ្យល់ព្យុះទាំងធ្ងន់ និងស្រាល ដោយក្នុងមួយឆ្នាំៗមានព្យុះយ៉ាងហោចចំនួន ២០ បានវាយប្រហារលើប្រទេស ស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ៕