(អាមេរិក)៖ ក្រុមហ៊ុនផលិតឱសថសហរដ្ឋអាមេរិក Pfizer បានធ្វើការប៉ាន់ប្រមាណថា ជំងឺរាតត្បាតសកល COVID-19 អាចនឹងបន្តអូសបន្លាយរហូតដល់ឆ្នាំ ២០២៣ ហើយពេលនេះក្រុមហ៊ុនកំពុងអភិវឌ្ឍ «វ៉ាក់សាំងដូសទី ៣» សម្រាប់កុមារ និងក្មេងជំទង់ ដែលមានអាយុចាប់ពី ២ឆ្នាំ ដល់ ១៦ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី១៨ ខែធ្នូ ឆ្នាំ២០២១។

ការព្យាករណ៍ដោយក្រុមហ៊ុនផលិតឱសថអាមេរិក Pfizer បានកើតមានឡើងបន្ទាប់ពីបណ្តាប្រទេសនៅអឺរ៉ុប បានចាប់ផ្តើមដាក់ការរឹតត្បិតលើការធ្វើដំណើរ និងសកម្មភាពសង្គមឡើងវិញ ក្រោយពីមានការព្រមានថា វីរុស COVID-19 បំប្លែងថ្មី Omicron អាចបង្កឲ្យ «លាប់» ជំងឺនេះឡើងវិញខ្លាំងជាង «៥ដង» បើធៀបនឹងវីរុស Delta។

បើតាមគណៈប្រតិបត្តិនៃក្រុមហ៊ុន Pfizer, ជំងឺ COVID-19 អាចនឹងថមថយឥទ្ធិពលគួរឲ្យកត់សម្គាល់ នៅអំលុងឆ្នាំ ២០២៤ ហើយនៅពេលនោះ វានឹងមិនមែនជាជំងឺរាតត្បាតសកល (pandemic) ទៀតឡើយ ដោយវាត្រូវចុះខ្សោយមកត្រឹមជា ជំងឺឆ្លងធម្មតា (endemic) វិញ នៅតាមតំបន់ក្នុងប្រទេសនីមួយៗប៉ុណ្ណោះ។

គួរបញ្ជាក់ថា នៅមុនការបង្ហាញវត្តមាននៃមេរោគបំប្លែងថ្មី Omicron អ្នកជំនាញកំពូលផ្នែកជំងឺនៃសហរដ្ឋអាមេរិក លោក អាន់ថូនី ហ្វាវស៊ី (Anthony Fauci) ធ្លាប់បានព្យាករណ៍ថា ជំងឺរាតត្បាតសកល COVID-19 នឹងថមថយឥទ្ធិពលមកត្រឹមជាជំងឺឆ្លងធម្មតា នៅត្រឹមឆ្នាំ២០២២។ យ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញអាមេរិក បានផ្តល់យោបល់កាលពីពេលថ្មីៗនេះថា ការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី ៣ បន្ថែមទៀត នឹងអាចការពារមនុស្សទប់ទល់នឹងវីរុស Omicron បាន៕