(ឡុងដ៍)៖ ចក្រភពអង់គ្លេសនៅថ្ងៃសុក្រសប្ដាហ៍នេះ (ពេលវេលានៅទីក្រុងឡុងដ៍) បានរាយការណ៍ពីការរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន ៩៣,០៤៥ករណីបន្ថែមទៀត ដែលបង្កឡើងដោយការឆ្លងរាលដាល យ៉ាងឆាប់រហ័សនៃវីរុសបំប្លែងថ្មី Omicron។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី១៨ ខែធ្នូ ឆ្នាំ២០២១។

ការិយាល័យរបស់នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) បានឲ្យដឹងថា រដ្ឋាភិបាលនឹងរៀបចំកិច្ចប្រជុំ គណៈកម្មាធិការសង្គ្រោះបន្ទាន់មួយ ស្ដីពីវីរុសបំប្លែងថ្មី Omicron នៅចុងសប្តាហ៍នេះ ជាមួយនឹងរដ្ឋបាលនៃប្រទេសស្កុតឡែន (Scotland), វែល (Wales) និងអៀរឡង់ខាងជើង (Northern Ireland)។

អ្នកនាំពាក្យរបស់រដ្ឋាភិបាលប្រទេសស្កុតឡែនបាននិយាយថា វីរុសបំប្លែងថ្មី Omicron បាននិងកំពុងបង្កការគំរាមកំហែងយ៉ាងខ្លាំង ចំពោះសុខភាព និងសេដ្ឋកិច្ច។ បើតាមអាជ្ញាធរសុខាភិបាលអង់គ្លេស ករណីឆ្លងវីរុសបំប្លែងថ្មី Omicron កំពុងកើនឡើងទ្វេដងក្នុងរយៈពេលមិនដល់ ០២ថ្ងៃនោះឡើយ នៅគ្រប់តំបន់ទាំងអស់នៃប្រទេសអង់គ្លេស ក្រៅពីភាគនិរតី។ វីរុសនេះត្រូវបានប៉ាន់ប្រមាណរួចហើយថា មានចំនួនច្រើនជាង ៨០ភាគរយនៃករណីឆ្លងថ្មីៗនៅទីក្រុងឡុងដ៍។

គួរបញ្ជាក់ថា បើតាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះ ចក្រភពអង់គ្លេសបានកត់ត្រានូវករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសជាង ១១.១លានករណី ក្នុងនោះមានអ្នកស្លាប់ជាង ១៤៧,០០០នាក់ និងអ្នកជាសះស្បើយជាង ៩.៦លាននាក់ ខណៈពលរដ្ឋក្នុងប្រទេសនេះកំពុងប្រជែងគ្នា ដើម្បីទទួលបានការចាក់វ៉ាក់សាំងដូសជំរុញ តាមការអំពាវនាវរបស់រដ្ឋាភិបាល ចំពោះមុខបុណ្យគ្រិស្មាក់ និងឆ្លងឆ្នាំសកល៕