(បាងកក)៖ ប្រជាជនសរុប ២,៥០៣នាក់ ក្នុងនោះ ៥៤៣នាក់ជាកុមារ បានឆ្លងដែនពីទឹកដីមីយ៉ាន់ម៉ា ចូលទៅដល់ទឹកថៃក្នុងខេត្ត តាក (Tak) គិតត្រឹមថ្ងៃសុក្រសប្តាហ៍នេះ ចំពោះមុខការបន្តប្រយុទ្ធគ្នារវាងយោធាមីយ៉ាន់ម៉ា និងកងកម្លាំងជនជាតិភាគតិច ការ៉ែន (KNU)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី១៨ ខែធ្នូ ឆ្នាំ២០២១។

ការប្រយុទ្ធគ្នាបានកើតមានឡើងរយៈពេល ៣ថ្ងៃមកហើយ ហើយចំពោះប្រជាជនមីយ៉ាន់ម៉ា ដែលបានឆ្លងដែនចូលមកកាន់ទឹកដីថៃនោះ បានទទួលកការមើលថែទាំដោយ អាជ្ញាធរក្រុង ម៉ែ សូត (Mae Sot) នៃខេត្ត Tak របស់ថៃ ដែលស្ថិតនៅជាប់ព្រំដែនមីយ៉ាន់ម៉ានោះតែម្តង។

KNU គឺជាកងកម្លាំងជនជាតិភាគតិច ដ៏ធំមួយនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ពួកគេមានមូលដ្ឋាននៅរដ្ឋ ការ៉ែន (Karen) ភាគអាគ្នេយ៍ប្រទេស និងស្ថិតនៅជាប់ព្រំដែនថៃ ជាមួយនឹងប្រជាជនសរុប ១.៦លាននាក់។ យ៉ាងណាក៏ដោយ ពុំទាន់មានរបាយការណ៍ផ្លូវការណាមួយ ដែលអាចបញ្ជាក់អំពីចំនួនមនុស្សស្លាប់ និងរបួស ឬក៏ការខូចខាតនានាដែលបានបង្កឡើង ដោយការប្រយុទ្ធគ្នាខាងលើនេះឡើយ ប៉ុន្តែបើតាមសារព័ត៌មានក្នុងស្រុកមីយ៉ាន់ម៉ា បានចេញផ្សាយថា ទាហានរដ្ឋាភិបាលយ៉ាងហោចណាស់ ១៨នាក់បានស្លាប់។

គួរបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ចូលទៅក្នុងភាពចលាចល បន្ទាប់ពីរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អោង សាន ស៊ូ ជី ត្រូវបានធ្វើរដ្ឋប្រហារទម្លាក់ចេញពីអំណាច កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១។ ចាប់តាំងពីពេលនោះមក ការតវ៉ា និងបង្ក្រាបយ៉ាងក្តៅគគុកជាបន្តបន្ទាប់ បានកើតមានឡើងតាមទីក្រុងធំៗ ហើយវាក៏បានក្លាយជាឱកាស ដែលកងទ័ពជនជាតិភាគតិចមួយចំនួន ងើបឈរឡើងដើម្បីប្រឆាំំងយោធាមីយ៉ាន់ម៉ាផងដែរ៕