(ឡុងដ៍)៖ ចក្រភពអង់គ្លេសដែលកំពុងមើលឃើញ ការរាតត្បាតវីរុស COVID-19 បំប្លែងថ្មី Omicron ខ្លាំងក្លាជាងគេនៅតំបន់អឺរ៉ុបនោះ ក៏បាននិងកំពុងសិក្សាអំពីឥទ្ធិពលរបស់វា ជាបន្តបន្ទាប់ផងដែរ ដោយក្នុងនោះក្រុមអ្នកស្រាវជ្រាវនៅឯ មហាវិទ្យាល័យមួយក្នុងទីក្រុងឡុងដ៍ បានរកឃើញថា Omicron អាចមានសមត្ថភាពបង្កឲ្យលាប់ជំងឺ COVID-19 ឡើងវិញខ្លាំងជាង Delta រហូតដល់ទៅ ៥ដងឯណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០២១។

យ៉ាងណាក៏ដោយ ក្រុមអ្នកស្រាវជ្រាវខាងលើនេះ ក៏បានអះអាងផងដែរថា Omicron មិនអាចបង្កឲ្យអ្នកជំងឺឈឺធ្ងន់ ដូចជាវីរុសបំប្លែងខ្លួន Delta នោះឡើយ។ ការសិក្សារបស់មហាវិទ្យាល័យ ICL នៃទីក្រុងដ៍ គឺយោងទៅលើទិន្នន័យ ដែលទទួលបានពីអាជ្ញាធរសុខាភិបាលអង់គ្លេស NHS ដែលបានធ្វើតេស្ត PCR ទៅលើករណីសង្ស័យចាប់ពីថ្ងៃទី ២៩ ខែវិច្ឆិកា ដល់ថ្ងៃទី ១១ ខែធ្នូ។

បើតាមក្រុមអ្នកស្រាវជ្រាវរបស់ ICL បានសង្កត់ធ្ងន់ថា ពួកគេមិនបានរកឃើញសញ្ញានៃហានិភ័យធ្ងន់ធ្ងរ ឬការចូលសម្រាកក្នុងចំនួនច្រើន ដែលបង្កឡើងដោយ Omicron នោះឡើយ, ដូច្នេះមានន័យថា វាមិនអាចបង្កឲ្យអ្នកជំងឺឈឺធ្ងន់ធ្ងរ ដូចជាមេរោគបំប្លែងខ្លួន Delta នោះឡើយ។

ទោះជាយ៉ាងណា ការស្រាវជ្រាវខាងលើនេះ ហាក់ផ្តោតសំខាន់ទៅលើលទ្ធភាពនៃការបង្កឲ្យ «លាប់ជំងឺឡើងវិញ» ដោយវីរុស Omicron។ សេចក្តីថ្លែងការណ៍របស់ ICL បានគូសបញ្ជាក់ជុំវិញបញ្ហានេះថា អ្នកដែលធ្លាប់ឆ្លងជំងឺ COVID-19 រួចមកហើយ អាចនឹងមានការការពារទាបបំផុតប្រមាណ ១៩% ប៉ុណ្ណោះ នៅពេលប្រឈមមុខនឹងវីរុស Omicron។ លទ្ធផលសិក្សារបស់ ICL នឹងត្រូវការការត្រួតពិនិត្យបន្ថែម ពីអាជ្ញាធរសុខាភិបាលអង់គ្លេស ដើម្បីទទួលស្គាល់ជាផ្លូវការនៅថ្ងៃមុខ៕