(ប៉េកាំង)៖ កាលពីរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយលោក ពូទីន ប្រធានាធិបតីរុស្ស៊ី តាមប្រព័ន្ធវីដេអូដើម្បីផ្លាស់ប្តូរមតិយោបល់អំពី បញ្ហាពិភាក្សា ដូចជា ទំនាក់ទំនងទ្វេភាគី កិច្ចសហប្រតិបត្តិការជាក់ស្តែង កិច្ចសម្របសម្រួលនិងសហការជាយុទ្ធសាស្ត្រអន្តរជាតិជាដើម។

«ការណាត់ជួបគ្នាក្នុងការប្រកួតកីឡាអូឡាំពិករដូវរងា» ដែលបានធ្វើឡើងដោយភាគីទាំងពីរមិនត្រឹមតែបង្ហាញពី ចំណងមិត្តភាពដ៏ជ្រាលជ្រៅរវាង ប្រមុខរដ្ឋនៃប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងក៏ជាសាក្សីនៃទំនុកចិត្តខាងនយោបាយកម្រិតខ្ពស់ រវាងប្រទេសទាំងពីរផងដែរ។

កិច្ចជំនួបលើកនេះគឺជាកិច្ចជំនួបតាមប្រព័ន្ធវីដេអូលើកទី២ នៅឆ្នាំ២០២១ រវាងប្រមុខរដ្ឋនៃប្រទេសទាំងពីរ ហើយក៏ជាកិច្ចជំនួបលើកទី៣៧ រវាងភាគីទាំងពីរផងដែរ ចាប់ពីឆ្នាំ២០១៣មក។ ក្រោមការណែនាំរបស់ការទូតថ្នាក់កំពូល ទំនាក់ទំនងរវាងចិននិងរុស្ស៊ីកំពុងស្ថិតក្នុង ដំណាក់កាលល្អបំផុតក្នុងប្រវត្តិសាស្ត្រមិនធ្លាប់មានកាលពីមុន ហើយកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យ ក៏ទទួលបានសមិទ្ធផលជាផ្លែផ្កាជាបន្តបន្ទាប់ផងដែរ។

ក្នុងកិច្ចជំនួបលើកនេះ ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានបូកសរុប ដោយគ្រប់ជ្រុងជ្រោយអំពីទំនាក់ទំនងទ្វេភាគីនៅឆ្នាំនេះ ហើយបានសម្តែងការពេញចិត្តចំពោះលទ្ធផលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការ។ សូមយកសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាឧទាហរណ៍ ទោះបីជាបានរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ១៩ ក៏ដោយ ក៏ប៉ុន្តែទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិននិងរុស្ស៊ី នៅតែបានបំបែកកំណត់ត្រាខ្ពស់បំផុតម្តងទៀត ពោលគឺ ក្នុងរយៈពេល ១១ ខែដំបូងឆ្នាំនេះ សម្រេចបាននូវទំហំពាណិជ្ជកម្មលើសពី ១៣០ ប៊ីលានដុល្លារអាមេរិក។ លើសពីនេះទៅទៀត កិច្ចសហប្រតិបត្តិការរវាងចិននិងរុស្ស៊ីលើវិស័យផ្សេងទៀត ដូចជា ថាមពលនិងការច្នៃប្រឌិតថ្មីផ្នែកវិទ្យាសាស្ត្រនិងបច្ចេកទេសជាដើម ក៏ទទួលបានផ្លែផ្កាយ៉ាងស្តុកស្តម្ភផងដែរ។

ព្រមពេលជាមួយគ្នានេះ ប្រទេសចិននិងរុស្ស៊ីសុទ្ធតែជារដ្ឋសមាជិកអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយបានប្រកាន់ខ្ជាប់មតិយោបល់ និងគោលជំហររួមក្នុងការគាំពារសច្ចធម៌ និងយុតិ្តធម៌អន្តរជាតិ ព្រមនិងជំរុញប្រជាធិបតេយ្យភាពក្នុងទំនាក់ទំនងអន្តរជាតិ។ ពីការរួមគ្នាជំរុញការដោះស្រាយបញ្ហាអាហ្វហ្កានីស្ថានតាមវិធីនយោបាយ ដល់ការរួមគ្នាបញ្ចេញសំឡេងដើម្បីប្រឆាំងយ៉ាងដាច់ខាត នូវអ្វីដែលហៅថា «កិច្ចប្រជុំកំពូលស្តីពីប្រជាធិបតេយ្យ» ដែលរៀបចំធ្វើដោយអាមេរិកក្នុងគោលបំណង បង្កបង្កើតភាពបែកបាក់គ្នា កិច្ចសហប្រតិបត្តិការរវាងចិននិងរុស្ស៊ី ជាការដាក់កំហិតយ៉ាងខ្លាំងទៅលើអនុត្តរភាពនិយមផង ហើយក៏ជាការគាំពារយ៉ាងមុតមាំនៃប្រព័ន្ធអន្តរជាតិ ដែលចាត់ទុកអង្គការសហប្រជាជាតិជាស្នូលផងដែរ ហើយបានផ្តល់ភាពប្រាកដប្រជាកាន់តែច្រើនដល់សណ្តាប់ធ្នាប់អន្តរជាតិ ដែលពោរពេញទៅដោយភាពមិនប្រាកដប្រជា។

ក្នុងកិច្ចជំនួបនេះ ប្រទេសចិនបានថ្លែងថា នឹងគាំទ្រយ៉ាងមុតមាំដូចកាលពីមុនចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់រុស្ស៊ីក្នុងការគាំពារសន្តិសុខ និងស្ថិរភាពយូរអង្វែងរបស់ប្រទេសជាតិ ។ ជាការឆ្លើយតប ភាគីរុស្ស៊ីបានគូសបញ្ជាក់ថា នឹងគាំទ្រយ៉ាងមុតមាំបំផុត ដល់គោលជំហរដ៏ត្រឹមត្រូវ របស់រដ្ឋាភិបាលចិនលើបញ្ហាពាក់ព័ន្ធនឹងតៃវ៉ាន់ ប្រឆាំងយ៉ាងដាច់ខាតចំពោះកម្លាំងណា ដែលយកបញ្ហាតៃវ៉ាន់ធ្វើជាលេសប៉ុនប៉ងបំផ្លិចបំផ្លាញ ផលប្រយោជន៍របស់ប្រទេសចិន ក៏ដូចជាប្រឆាំងយ៉ាងដាច់ខាតនូវ «ការបង្កើតក្រុមសម័្ពន្ធតូច» នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ទោះតាមទម្រង់ណាក៏ដោយ។

គួរបញ្ជាក់ថា ជាងមួយខែទៀត ប្រមុខរដ្ឋនៃប្រទេសទាំងពីរ នឹងជួបសន្ទនាទល់មុខគ្នាជាលើកដំបូង បន្ទាប់ពីផ្ទុះការរីករាលដាលនៃជំងឺឆ្លង។ ដល់ពេលនោះ ភាគីទាំងពីរនឹងដាក់ចេញឯកសារសមិទ្ធផលសំខាន់ៗ និងចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការមួយចំនួន ក្នុងន័យជំរុញទំនាក់ទំនងរវាងចិននិងរុស្សី ឱ្យឈានដល់កម្រិតថ្មីមួយម្តងទៀត។ កិច្ចសហប្រតិបត្តិការរវាងចិននិងរុស្ស៊ី មិនត្រឹមតែមានអំណោយផលដល់ ប្រជាជននៃប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងក៏ជាភ័ព្វសំណាងល្អ សម្រាប់ការអភិវឌ្ឍប្រកបដោយសន្តិភាព នៅលើពិភពលោកផងដែរ។ រាល់ការប៉ុនប៉ងទាំងអស់ ដែលចង់អុជអាលបំបែកបំបាក់ទំនាក់ទំនងរវាងចិននិងរុស្ស៊ី នឹងមិនអាចសម្រេចបានជាដាច់ខាត៕