(ស៉ីដនី)៖ អាជ្ញាធរអូស្រ្តាលីនៅថ្ងៃសុក្រនេះ បានបន្តការស៉ើបអង្កេតរបស់ខ្លួន ជុំវិញករណីក្មេង៥នាក់ស្លាប់ បន្ទាប់ពីពោងខ្យល់សម្រាប់លោតលេង ត្រូវបានខ្យល់បក់ប៉ើងទៅលើអាកាស កំលុងពិធីអបរបញ្ចប់ឆ្នាំនៅឯសាលារៀនមួយកន្លែង ខណៈប្រជាជនអូស្រ្តាលី នាំគ្នាចូលរួមរំលែកទុក្ខ ចំពោះឧប្បត្តិហេតុគួរឲ្យសោកសៅមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៧ ខែធ្នូ ឆ្នាំ២០២១។

ក្មេងប្រុស៣នាក់ និងក្មេងស្រីម្នាក់អាយុ១២ឆ្នាំ ព្រមទាំងក្មេងស្រីម្នាក់ទៀតអាយុ១១ឆ្នាំ បានបាត់បង់ជីវិត ក្នុងហេតុការណ៍ខាងលើ ដែលកំលុងពេលនោះ ក្មេងៗបានធ្លាក់ពីកម្ពស់ប្រមាណជា១០ម៉ែត្រ ចុះមកលើដី នៅសាលាឈ្មោះ Hillcrest ក្នុងទីក្រុង Devonport នៃរដ្ឋ Tasmania កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ ចំណែកក្មេង៣នាក់ទៀត កំពុងបន្តសម្រាកនៅមន្ទីរពេទ្យនៅឡើយ។

មានកូនសិស្សប្រហែល៤០នាក់ បានចូលរួមក្នុងពិធីអបអរនោះ នៅពេលខ្យល់បោកបក់ខ្លាំង បានធ្វើឲ្យប្រាសាទពោងខ្យល់សម្រាប់ឲ្យក្មេងៗលោតលេងកម្សាន្ត ប៉ើងហើបផុតពីផ្ទៃដី។ ប៉ូលិសអូស្រ្តាលីបាននិយាយថា ពួកគេកំពុងបន្តការស៉ើបអង្កេតករណីនេះ ដើម្បីព្យាយាមកំណត់ ថាតើពោងខ្យល់នោះប៉ើងខ្ពស់កម្រិតណា, តើក្មេងៗដែលរងគ្រោះថ្នាក់ទាំងអស់ សុទ្ធនៅកំពុងលេងនៅលើនោះឬយ៉ាងណា, រួមជាមួយទិសដៅនៃខ្យល់បក់ ហើយនិងថាតើពោងខ្យល់នោះត្រូវបានចងឲ្យជាប់ដី និងចងបានត្រឹមត្រូវដែរឬអត់។

គួរបញ្ជាក់ថា ទន្ទឹមគ្នា ប្រជាជនអូស្រ្តាលីបាននាំគ្នាដាក់កម្រងផ្កា នៅក្បែរកន្លែងកើតហេតុ ខណៈទីក្រុងតូចមួយនេះ កំពុងតែកាន់ទុក្ខ ក្មេងៗដែលបានបាត់បង់ជីវិត ក្នុងហេតុការខាងលើ៕