(យូអិន)៖ អង្គការសហប្រជាជាតិ បាននិយាយថា ឯកអគ្គរដ្ឋទូតអាហ្វហ្គានីស្ថានត្រូវបានតែងតាំងដោយរដ្ឋាភិបាលដែលត្រូវបានតាលីបង់ផ្ដួលរំលំបានលាលែងចេញពីមុខតំណែងហើយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៧ ខែធ្នូ ឆ្នាំ២០២១។

នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក ហ្វាហាន ហាក (Farhan Haq) បានគូសបញ្ជាក់ ប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា «លោក ហ្គូលាំ អ៉ីសាក់ហ្សៃ (Ghulam Isaczai) បានលាលែងចេញពីមុខតំណែងរបស់គាត់ហើយ គិតត្រឹមថ្ងៃពុធ ទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ»។

ជុំវិញបញ្ហានេះ បេសកកម្មអាហ្វហ្គានីស្ថាន ប្រចាំអង្គការសហប្រជាជាតិមិនអាចទាក់ទងសុំការអធិប្បាយបានទេ នៅយប់ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ កាលពីថ្ងៃ ទី១៤ ខែកញ្ញាកន្លងទៅនេះ លោក Ghulam Isaczai បានស្នើសុំជាផ្លូវការពីអង្គការសហប្រជាជាតិ ឱ្យបញ្ជាក់ថាគាត់នៅតែជាឯកអគ្គរដ្ឋទូតអាហ្វហ្គានីស្ថាន ដដែល។ ក្រោយមកនៅខែនោះដដែល តាលីបង់បានស្នើសុំជាផ្លូវការឱ្យអង្គការសហប្រជាជាតិទទួលស្គាល់ លោក ស៊ូហៃ សាហ៉ីន (Suhail Shaheen) ជាឯកអគ្គរដ្ឋទូតថ្មីជំនួសលោក Ghulam Isaczai វិញ។

ប៉ុន្តែ នៅដើមខែធ្នូនេះ មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) បានអនុម័តដំណោះស្រាយមួយ ដោយខ្លួនបានពន្យារពេលដោយគ្មានការកំណត់ឡើយ ពីការសម្រេចចិត្តលើគូប្រជែងទាមទារអាសនៈជាអ្នកតំណាងរបស់ប្រទេសអាហ្វហ្គានីស្ថាន៕