(តូក្យូ)៖ ក្រោយការត្រួតពិនិត្យយ៉ាងល្អិតល្អន់ ដោយអាជ្ញាធរទីក្រុង អូសាកា (Osaka) ភាគខាងលិចប្រទេសជប៉ុន នៅរសៀលថ្ងៃសុក្រនេះបានឲ្យដឹងថា មនុស្សសរុប ១៩នាក់បានស្លាប់ និងមួយចំនួនទៀតរងរបួស ក្នុងករណីគ្រោះអគ្គិភ័យលេបត្របាក់ អគារគ្លីនិកកម្ពស់ ៨ជាន់មួយកន្លែង ស្ថិតក្នុងទីប្រជុំជននៃទីក្រុងនេះ ខណៈមានការសង្ស័យថា ជាករណីលួចដុត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានជប៉ុន Kyodo នារសៀលថ្ងៃសុក្រ ទី១៧ ខែធ្នូ ឆ្នាំ២០២១។

បើតាមក្រុមសង្គ្រោះពេលមានហេតុការណ៍អគ្គិភ័យ ប្រចាំនៅទីក្រុង Osaka បានឲ្យដឹងថា អគារគ្លីនិកខាងលើនេះបានចាប់ផ្តើមឆាបឆេះចេញពីជាន់ទី ៤ កាលពីវេលាម៉ោង ១០៖២០នាទីព្រឹកថ្ងៃសុក្រនេះ។ បន្ទាប់ពីការព្យាយាមពន្លត់ ដោយប្រើប្រាស់ឡានទឹកអស់ជាង ៧០គ្រឿង អគ្គិភ័យទាំងមូលត្រូវបានគ្រប់គ្រងទាំងស្រុង ក្នុងរយៈពេលជាង ៣០នាទី។

គួរបញ្ជាក់ថា ពីដំបូងឡើយមនុស្សរហូតដល់ទៅ ២៧នាក់ឯណោះ ត្រូវបានគេសង្ស័យថាបាត់បង់ជីវិត នៅក្រោយពេលពួកគេត្រូវបានសង្គ្រោះ ចេញពីក្នុងអគារឆាបឆេះ។ ប៉ុន្តែក្រោយពីក្រុមសង្គ្រោះបានព្យាយាមត្រួតពិនិត្យ និងសង្គ្រោះបន្ថែម ទើបអាចរកឃើញចំនួនមនុស្សស្លាប់ពិតប្រាកដ ១៩នាក់ ខណៈមួយចំនួនទៀតរងរបួសធ្ងន់ និងស្រាល។

បើតាមការបង្ហើបពីអាជ្ញាធរជប៉ុន បុរសម្នាក់អាយុខ្ទង់ ៦០ឆ្នាំត្រូវបានគេសង្ស័យថា ជាអ្នកដែលបានបង្កគ្រោះអគ្គិភ័យខាងលើនេះឡើង ខណៈការស៊ើបអង្កេតលម្អិតកំពុងតែបន្តទៅមុខ៕