(ប៉េកាំង)៖ អាជ្ញាធរឧតុនិយមចិន នៅថ្ងៃសុក្រនេះបាននិយាយថា ប្រទេសចិនបានផ្តល់ទិន្នន័យផ្កាយរណបឧតុនិយម ហ្វេងយុន (Fengyun) របស់ខ្លួនដល់ប្រទេស និងតំបន់ចំនួន១២១ ក្នុងនោះរួម៨៥ ដែលនៅតាមតំបន់គំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃសុក្រ ទី១៧ ខែធ្នូ ឆ្នាំ២០២១។

ផ្កាយរណប Fengyun គឺជាស៊េរីនៃផ្កាយរណបឧតុនិយម ចាប់សញ្ញាពីចម្ងាយ ដែលបង្កើតឡើងដោយប្រទេសចិន។ រដ្ឋបាលឧតុនិយមចិន បានឱ្យដឹងថា ផ្កាយរណបថ្មីចំនួន២គ្រឿង ដែលមានឈ្មោះ Fengyun-3E និង Fengyun-4B ដែលបានបាញ់បង្ហោះនៅឆ្នាំ២០២១នេះ បានទទួលការបញ្ជាទិញរួចហើយពីអ្នកប្រើប្រាស់នៅទូទាំងពិភពលោក។ ប្រទេសចិន ក៏បានផ្តល់ការបណ្តុះបណ្តាលផ្នែកបច្ចេកទេសដល់ អ្នកជំនាញជាង ១,៤០០នាក់មកពីប្រទេស និងតំបន់ចំនួន៩២ ផងដែរ។

លោក សៀន ទី (Xian Di) មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលឧតុនិយមចិន បាននិយាយថា សេវាកម្មទិន្នន័យ និងការបណ្តុះបណ្តាលផ្នែកបច្ចេកទេស គឺមិនគិតថ្លៃនោះទេសម្រាប់អ្នកប្រើប្រាស់ទាំងអស់។ លោក Xian ក៏បានកត់សម្គាល់ថា «អ្នកប្រើប្រាស់សកល នឹងទទួលបានសិទ្ធិទូលំទូលាយដូចគ្នា ក្នុងការចូលប្រើទិន្នន័យ ដូចទៅនឹងសមភាគីចិនផ្ទាល់ដែរ»

គួរបញ្ជាក់ថា ប្រទេសចិន គ្រោងនឹងបាញ់បង្ហោះផ្កាយរណបឧតុនិយមចំនួន៥គ្រឿង បន្ថែមទៀតក្នុងអំលុងផែនការរយៈពេល ៥ឆ្នាំទី១៤ របស់ខ្លួន គិតចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ ព្រមទាំងដំឡើងប្រព័ន្ធតាមដានរបស់ផ្កាយរណប Fengyun ឲ្យដល់ជំនាន់ទី៣ នៅឆ្នាំ២០៣៥ ដើម្បីបម្រើអ្នកប្រើប្រាស់ឱ្យកាន់តែប្រសើរ ស្របតាមគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ ក្នុងការការពារ និងជួយសង្គ្រោះគ្រោះមហន្តរាយ៕