(វ៉ាស៉ីនតោន)៖ វិស្វករម្នាក់ដែលបានបម្រើការងាររាប់ទសវត្សរ៍ នៅក្រុមហ៊ុនម៉ៅការវិស័យការពារជាតិអាមេរិក ត្រូវបានចាប់ខ្លួនពីបទព្យាយាម ប្រគល់ព័ត៌មានសម្ងាត់ ឲ្យទៅបុគ្គលម្នាក់ដែលខ្លួនគិតថា ជាភ្នាក់ងាររបស់រុស្ស៉ី ប៉ុន្តែតាមពិតគឺជា បុគ្គលិករបស់ទីភ្នាក់ងារស៉ើបអង្កេត FBI ទៅវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃសុក្រ ទី១៧ ខែធ្នូ ឆ្នាំ២០២១។
ទីភ្នាក់ងារអាមេរិក FBI បានបើកប្រតិបត្តិការសម្ងាត់ប្រឆាំងលើបុរសឈ្មោះ ចន មូរ៉េ រ៉ូវី ជូនា (John Murray Rowe Jr) អាយុ៦៣ឆ្នាំ មកពីរដ្ឋដាកូតាខាងត្បូង (South Dakota) បន្ទាប់ពីលោកត្រូវបានក្រុមហ៊ុនបញ្ឈប់ពីការងារ ដោយសារហេតុផលបំពានផ្នែកសន្តិសុខ ហើយដោយសារតែលោក ត្រូវបានគេកំណត់ថា អាចជាការគំរាមកំហែងផ្ទៃក្នុង។
ការស៉ើបអង្កេតលើលោក រ៉ូវី មានរយៈ៨ខែ ដោយចាប់ផ្តើមកាលពីខែមីនា ឆ្នាំ២០២០។ កំលុងពេលនោះ លោក រ៉ូវី បានជួបមុខនិងឆ្លើយតបសារជាច្រើន ជាមួយបុគ្គលិករបស់ទីភ្នាក់ងារ FBI ដែលក្លែងខ្លួនធ្វើជាភ្នាក់ងាររបស់រុស្ស៉ី។ លោក រ៉ូវី បានផ្តល់ព័ត៌មានផ្សេងៗអំពី យន្តហោះចម្បាំងរបស់យោធាអាមេរិក ហើយព្រមទាំងបានបង្ហាញពី ចេតនាផ្លាស់ទៅរស់នៅក្នុងប្រទេសរុស្ស៉ី ថែមទៀតផង។
លោក រ៉ូវី ត្រូវបានចាប់ខ្លួនកាលពីយប់ថ្ងៃពុធសប្តាហ៍នេះ នៅរដ្ឋដាកូតាខាងត្បូង ក្រោមបទចោទប្រកាន់ព្យាយាម ផ្តល់ព័ត៌មានសម្ងាត់អំពី វិស័យការពារជាតិអាមេរិកឲ្យទៅរដ្ឋាភិបាលបរទេស ដែលធ្វើឲ្យរូបលោកអាចត្រូវប្រឈមមុខ ការកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត។
គួរបញ្ជាក់ថា កាលពី២ខែមុន ក៏មានករណីប្តីប្រពន្ធអាមេរិកមួយគូ នៅរដ្ឋម៉ារីលែន (Marland) ត្រូវបានចាប់ខ្លួន ពីបទផ្តល់ការណ៍សម្ងាត់របស់រដ្ឋាភិបាលអាមេរិក ឲ្យទៅភ្នាក់ងារបរទេសផងដែរ៕