(តូក្យូ)៖ មនុស្សយ៉ាងហោចណាស់ ២៧នាក់ទំនងជាបានបាត់ជីវិតទៅហើយ នៅក្នុងគ្រោះអគ្គិភ័យលេបត្របាក់អគារគ្លីនិកមួយ ស្ថិតក្នុងតំបន់ប្រជុំដោយហាងលក់ទំនិញ នៃទីក្រុង អូសាកា (Osaka) ប្រទេសជប៉ុន កាលពីវេលាម៉ោង ១០៖១៨នាទីព្រឹកថ្ងៃសុក្រនេះ (ម៉ោងនៅក្នុងតំបន់)។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Japan Times នារសៀលថ្ងៃសុក្រ ទី១៧ ខែធ្នូ ឆ្នាំ២០២១។

បើតាមការសន្និដ្ឋានដំណាក់កាលដំបូង ដោយអាជ្ញាធរប៉ូលិសជប៉ុន គ្រោះអគ្គិភ័យខាងលើនេះ អាចត្រូវបានបង្កើតឡើងដោយចេតនា។ សារព័ត៌មាន Japan Times បានបន្តទៀតថា ការស៊ើបអង្កេតកំពុងតែបន្តទៅមុខ ដើម្បីស្វែងរកមើលថាតើអគ្គិភ័យនេះ ពិតជាត្រូវបានមនុស្សដុត ឬក៏យ៉ាងណា។

គួរបញ្ជាក់ថា អគ្គិភ័យខាងលើនេះ ត្រូវបានពន្លត់ភ្លាមៗនៅក្រោយរយៈពេល ៣០នាទីនៃការរាយការណ៍។ អគារដែលបានរងការឆាបឆេះនោះមានកម្ពស់ ៨ជាន់ ហើយសមត្ថកិច្ចបានប្រើប្រាស់ឡានទឹកជាង ៧០គ្រឿង នៅក្នុងប្រតិបត្តិការពន្លត់។ បើតាមអាជ្ញាធរជប៉ុននៅនឹងកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះសរុបមានចំនួន ២៨នាក់ ដោយក្នុងនោះម្នាក់បានទទួលរងរបួស និង ២៧នាក់ទៀត ហាក់ដូចជាគ្មានសញ្ញាថា អាចនៅរស់រានមានជីវិតនោះឡើយ៕