(ម៉ានីល)៖ អាជ្ញាធរនៅក្នុងប្រទេសហ្វីលីពីន នៅថ្ងៃសុក្រនេះបានឱ្យដឹងថា មនុស្សយ៉ាងហោចម្នាក់បានស្លាប់ ដោយសារខ្យល់ព្យុះទីហ្វុង Rai ដែលបានបង្កឱ្យ មានគ្រោះទឹកជំនន់ជន់លិចភូមិជាច្រើន នៅតំបន់ភាគខាងត្បូង និងភាគកណ្ដាលនៃប្រទេសដីកោះនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែធ្នូ ឆ្នាំ២០២១។

បើតាមអាជ្ញាធរហ្វីលីពីន មនុស្សដល់ទៅច្រើនជាង ៣០០,០០០នាក់ ត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព។ ព្យុះទីហ្វុង Rai បានក្លាយជាកំពូលព្យុះ ទីហ្វុងកំណាច «super typhoon» នៅពេលវាបក់បោកវាយប្រហារលើកោះ ស៊ីអាហ្គៅ (Siargao) កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ជាមួយល្បឿនខ្យល់បក់ ១៩៥គីឡូម៉ែត្រក្នុងមួយម៉ោង។

រហូតមកដល់ព្រឹកថ្ងៃសុក្រនេះ ទើបល្បឿនខ្យល់របស់វាថយមកនៅត្រឹម ១៥៥គីឡូម៉ែត្រ ក្នុងមួយម៉ោង តែព្រមពេលជាមួយគ្នា មនុស្សម្នាក់បានស្លាប់ និង ២នាក់ទៀតរងរបួស ដោយសារព្យុះមួយនេះដែលបានបង្កការខូចខាត ព្រមទាំងធ្វើឱ្យប្រជាជន នៅតាមតំបន់ជាច្រើនក្នុងប្រទេសហ្វីលីពីន គ្មានអគ្គីសនីប្រើប្រាស់។

គួរបញ្ជាក់ថា ព្យុះទីហ្វុង Rai ត្រូវបានគេរំពឹងថា នឹងបក់បោកចេញពីតំបន់ វីសាយ៉ាស (Visayas) ឆ្ពោះទៅកាន់តំបន់ ប៉ាឡាវ៉ាន (Palawan) របស់ហ្វីលីពីននៅថ្ងៃសុក្រនេះ មុននឹងវាឆ្ពោះទៅកាន់តំបន់សមុទ្រចិនខាងត្បូង និងតម្រង់ទៅរកវៀតណាមនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។ ហ្វីលីពីនគឺជាប្រទេសមួយ ដែលតែងតែរងគ្រោះជាញឹកញប់ ដោយខ្យល់ព្យុះទាំងធ្ងន់ និងស្រាល ដោយក្នុងមួយឆ្នាំៗមានព្យុះយ៉ាងហោចចំនួន ២០ បានវាយប្រហារលើប្រទេស ស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ៕