(វ៉ាស៊ីនតោន)៖ ព្រឹទ្ធសភាអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានទទួលស្គាល់ជាផ្លូវការហើយ លើការតែងតាំងលោក នីកូឡាស់ បឺន (Nicholas Burns) ជាឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំប្រទេសចិន ដើម្បីបំពេញតំណែងមួយនេះដែលនៅទំនេរអស់រយៈពេលជាងមួយឆ្នាំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃសុក្រ ទី១៧ ខែធ្នូ ឆ្នាំ២០២១។

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានតែងតាំងលោក Burns ជាឯកអគ្គរដ្ឋទូតប្រចាំប្រទេសចិន កាលពីខែសីហា ឆ្នាំ២០២១នេះ។ លោក Burns មាន អាយុ ៦៥ឆ្នាំ គឺជាសាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិម្នាក់ មកពីសាកលវិទ្យាល័យ Harvard។ លោកធ្លាប់កាន់តំណែងជាមន្ត្រីជាន់ខ្ពស់ទំាងនៅក្រោម រដ្ឋបាលដឹកនាំដោយប្រធានាធិបតីមកពីបក្សសាធារណរដ្ឋ និងបក្សប្រជាធិបតេយ្យអស់រយៈពេលជាង ២៧ឆ្នាំមកនេះ។

លោក Burns ក៏ធ្លាប់កាន់តំណែងជាអនុរដ្ឋលេខាធិការក្រសួងការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការនយោបាយផងដែរពីឆ្នាំ២០០៥ ដល់ឆ្នាំ២០០៨ ហើយ ជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការ NATO ពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៥ មុននឹងលោកចូលបម្រើការជាអ្នកនាំពាក្យក្រសួងការបរទេស និងជាឯកអគ្គរដ្ឋទូត អាមេរិកប្រចាំប្រទេសក្រិក ព្រមទាំងធ្លាប់បម្រើការនៅឯក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន នៅក្រោមរដ្ឋបាលអតីតប្រធានាធិបតីអាមេរិក លោក George H.W. Bush និងលោក Bill Clinton។

គួរបញ្ជាក់ថា លោក ធើរី ប្រេនស្តាត (Terry Branstad) ជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសចិន នៅក្រោមអតីតរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានលាលែងចេញពីតំណែងកាលពីខែតុលា ឆ្នាំ២០២០៕