(បារីស)៖ ប្រធានាធិបតីបារាំង លោក អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង (Emmanuel Macron) នៅថ្ងៃពុធសប្ដាហ៍នេះបាននិយាយថា រដ្ឋាភិបាលអូស្ត្រាលី «មានអាកប្បកិរិយាមិនល្អទាល់តែសោះ» នៅពេលដែលបានលុបចោលកិច្ចព្រមព្រៀងទិញនាវាមុជទឹកពីប្រទេសបារាំង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិន CGTN នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២១។

លោក Emmanuel Macron បាននិយាយថា ប្រទេសបារាំងបានសងសឹកប្រឆាំងនឹងទង្វើរបស់ប្រទេសអូស្ត្រាលី ហើយបានបន្ថែមថាវិធានការឆ្លើយតបទាំងនេះ នឹងបន្តទៅមុខក្នុងរយៈពេលយូរទៀត។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអូស្រ្តាលី លោក ស៉ីម៉ុន ប៊ឺមីងហាំ (Simon Birmingham) បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅទីក្រុងកង់បេរ៉ាថា កិច្ចព្រមព្រៀងទិញនាវាមុជទឹកនេះ គឺដើម្បីធ្វើឱ្យប្រាកដថា តម្រូវការការពារជាតិត្រូវបានផ្តល់មូលនិធិក្នុងរយៈពេលវែង។

ទន្ទឹមនឹងនេះ លោក Simon Birmingham ក៏បានបន្ថែមថា «ព័ត៌មានលម្អិតជុំវិញការលុបចោលកិច្ចព្រមព្រៀងទិញនាវាមុជទឹកពីប្រទេសបារាំង និងកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផលិតសព្វាអាវុធអាមេរិក ឡុកឃីដម៉ាទីន (Lockheed Martin) កំពុងត្រូវបានដំណើរការទៅមុខតាមរយៈកិច្ចចរចា»

គួរបញ្ជាក់ថា ប្រទេសអូស្ត្រាលី បានចំណាយទឹកប្រាក់ចំនួន ២.៤ពាន់លានដុល្លារលើនាវាមុជទឹករបស់ប្រទេសបារាំងរួចហើយ មុនពេលការសម្រេចចិត្តត្រូវបានធ្វើឡើង ដើម្បីទទួលបាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិសុខ នៅក្រោមសម្ព័ន្ធ AUKUS ជាមួយចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក៕