(ប៉ារីស)៖ អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporters Without Borders) ឬហៅកាត់ថា RSF បានឱ្យដឹងថា មកទល់បច្ចុប្បន្ន អ្នកកាសែត ៤៨៨នាក់ កំពុងជាប់ឃុំនៅក្នុងពន្ធនាគារនៅជុំវិញពិភពលោក ហើយនេះគឺជាតួលេខខ្ពស់បំផុត គិតចាប់តាំងពីអង្គការមួយនេះ ចាប់ផ្ដើមរាប់ចំនួនអ្នកកាសែត ដែលត្រូវចាប់ខ្លួន ឬសម្លាប់ អស់រយៈពេលច្រើនជាង ២៥ឆ្នាំមកនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២១។
បើតាម RSF អ្នកកាសែតនៅជុំវិញពិភពលោក ៤៦នាក់ ត្រូវបានគេសម្លាប់ផងដែរ នៅក្នុងឆ្នាំ២០២១នេះ ដែលតួលេខនេះមានការថយចុះបើធៀបទៅនឹង
កាលពីឆ្នាំ២០២០ ហើយការថយចុះនេះទៀតសោត ដោយសារតែជម្លោះនៅក្នុងតំបន់មជ្ឈិមបូព៌ា ហាក់ដូចបានថមថយគួរឱ្យកត់សម្គាល់។
គួរបញ្ជាក់ថា បើតាម RSF ឆ្នាំ២០១៦ គឺជាឆ្នាំដែលអ្នកកាសែតបានស្លាប់ច្រើនបំផុត ហើយការថយចុះចំនួនអ្នកកាសែតស្លាប់ នៅក្នុងឆ្នាំ២០២១នេះ គឺមានជាប់ពាក់ព័ន្ធនឹងការប្រែប្រួលស្ថានការណ៍នៅក្នុងប្រទេសស៊ីរី, អ៉ីរ៉ាក់ និងយ៉េមែន ជាទីដែលជម្លោះហាក់ដូចជាបានថមថយ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕