(ប៉េកាំង)៖ ក្រសួងការបរទេសចិន នៅថ្ងៃព្រហស្បតិ៍នេះបាននិយាយថាការព្រួយបារម្ភពីសុវត្ថិភាពនៃមន្ត្រីទូតលីទុយអានី នៅក្នុងប្រទេសចិន គឺធ្វើឡើងដោយ គ្មានមូលដ្ឋានអ្វីទាល់តែសោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២១។

ការលើកឡើងខាងលើរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ នៅទីក្រុងប៉េកាំងនិងមួយថ្ងៃ បន្ទាប់ពីក្រុមមន្ត្រីទូតលីទុយអានី និងអ្នកនៅក្រោមបន្ទុករបស់ពួកគេជាច្រើននាក់ បានចាកចេញពីប្រទេសចិនយ៉ាងប្រញាប់ប្រញាលដោយសារ បារម្ភពីបញ្ហាសុវត្ថិភាព និងការគំរាមកំហែង។

តែយ៉ាងណាក៏ដោយ លោក Wang Wenbin បានបញ្ជាក់ថាការអះអាងដែលថាមន្ត្រីទូតលីទុយអានី មានការភ័យខ្លាចចំពោះសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេ គឺជារឿងប្រឌិដ្ឋទាំងស្រុង។ លោកបន្ថែមថាភាគីលីទុយអានី មិនដែលលើកឡើងពីបញ្ហាសុវត្ថិភាពមន្ត្រីទូតរបស់ខ្លួនប្រាប់ភាគីចិននោះទេ។

គួរបញ្ជាក់ថា ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន បានរាយការណ៍កាលពីថ្ងៃពុធសប្ដាហ៍នេះថាមន្ត្រីទូតនៅស្ថានទូត លីទុយអានី ប្រចាំទីក្រុងប៉េកាំង និងអ្នកនៅក្រោមបន្ទុករបស់ពួកគេសរុប ១៩នាក់ បានចាកចេញពីទីក្រុងប៉េកាំង ឆ្ពោះទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង ដោយសំអាងថាការចាកចេញរបស់ពួកគេ គឺដោយសារបារម្ភពីសុវត្ថិភាព និងទទួលរងការគំរាមកំហែង។

ចិន បានបន្ទាបទំនាក់ទំនងការទូតជាមួយលីទុយអានី កាលពីខែវិច្ឆិកា កន្លងទៅនេះ ក្រោយប្រទេសក្នុងតំបន់បាល់ទិចមួយនេះអនុញ្ញាតឱ្យកោះតៃវ៉ាន់ បើកការិយាល័យតំណាងប្រចាំរដ្ឋធានីរបស់ខ្លួន៕