(ហ្សាការតា)៖ រដ្ឋមន្ត្រីសុខាភិបាលឥណ្ឌូណេស៉ី លោក ប៊ូទី ហ្គូណាទី សេឌីគីន (Budi Gunadi Sadikin) នៅថ្ងៃព្រហស្បតិ៍នេះបានរាយការណ៍ឱ្យដឹងថា ប្រទេសនេះទើបតែបានរកឃើញ ករណីឆ្លងវីរុស COVID-19 បំប្លែងថ្មី Omicron ជាលើកដំបូងនៅលើបុគ្គលិកអនាម័យ ក្នុងមន្ទីរពេទ្យព្យាបាលអ្នកជំងឺ COVID-19 មួយនៅរដ្ឋធានីហ្សាការតា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២១។
បើតាមលោក Budi Gunadi Sadikin បុគ្គលិកដែលធ្វើការនៅក្នុងមន្ទីរពេទ្យ វីស្មា អាត្លេត (Wisma Atlet) ត្រូវបានកំណត់អត្តសញ្ញាណថា ជាករណីដែលមិនមានចេញរោគសញ្ញាដូចជា គ្រុនក្តៅ ឬក្អកនោះទេ ហើយបុគ្គលរូបនេះ ក៏មិនដែលធ្លាប់បានចេញទៅក្រៅប្រទេសនោះដែរ។
លោក Budi Gunadi Sadikin បានពន្យល់ថា អ្នកជំងឺបានទទួលការធ្វើតេស្ត PCR នៅថ្ងៃទី០៨ ខែធ្នូ ហើយបានទទួលលទ្ធផលវិជ្ជមានចំពោះជំងឺ COVID-19។ នៅថ្ងៃទី១០ ខែធ្នូ សំណាកត្រូវបានបញ្ជូនទៅកាន់ក្រសួងសុខាភិបាលឥណ្ឌូណេស៉ី សម្រាប់ការធ្វើតេស្តលំដាប់ហ្សែនទាំងមូល (WGS) ហើយនៅថ្ងៃទី១៥ ខែធ្នូ ក្រសួងបានបញ្ជាក់ថា អ្នកជំងឺបានធ្វើតេស្តលទ្ធផលវិជ្ជមានចំពោះវីរុស COVID-19 បំប្លែងថ្មី Omicron។
គួរបញ្ជាក់ថា បើតាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះ ប្រទេសឥណ្ឌូណេស៉ី បានក់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសជាង ៤.២៥លានករណី ក្នុងនោះមានអ្នកស្លាប់ជាង ១៤៣,៩០០នាក់ និងអ្នកជាសះស្បើយជាង ៤.១១លាននាក់។ នៅក្នុងថ្ងៃព្រហស្បតិ៍ដដែលនេះ ប្រទេសម៉ាឡេស៊ីដែលនៅក្បែរខាង ក៏បានប្រកាសរកឃើញករណី «វិជ្ជមាន» ទី ២ នៃវីរុសបំប្លែងថ្មី Omicron ផងដែរ៕