(តូក្យូ)៖ ប្រទេសជប៉ុននៅថ្ងៃព្រហស្បតិ៍នេះ បានអនុម័តឲ្យប្រើវ៉ាក់សាំងបង្ការជំងឺ COVID-19 ផលិតដោយក្រុមហ៊ុនអាមេរិក Moderna សម្រាប់ «ដូសទី ៣ ឬ ដូសជំរុញ» ខណៈក្រុមហ៊ុនអាមេរិកមួយទៀតគឺ Novavax ក៏ទើបតែបានដាក់ពាក្យ ស្នើសុំការប្រើប្រាស់វ៉ាក់សាំងរបស់់ខ្លួនជាលើកដំបូង នៅក្នុងប្រទេសដីកោះនេះផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នារសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២១។

បើតាមក្រសួងសុខាភិបាលជប៉ុន វ៉ាក់សាំង Moderna ដូសជំរុញអាចប្រើប្រាស់ ដើម្បីចាក់ជូនប្រជាជនអាយុចាប់ពី ១៨ឆ្នាំឡើងទៅ។ នេះជាការជំរុញបន្ថែម នូវប្រព័ន្ធការពារសម្រាប់ពលរដ្ឋជប៉ុន ដើម្បីទប់ទល់នឹងជំងឺ COVID-19 ជាពិសេសគឺវីរុសបំប្លែងថ្មី Omicron ដែលកំពុងបង្កក្តីព្រួយបារម្ភកាន់តែខ្លាំងឡើង សម្រាប់ពិភពលោកទាំងមូល។

គួរបញ្ជាក់ថា កន្លងមកនេះវ៉ាក់សាំង Pfizer-BioNTech ក៏ត្រូវបានអនុម័តឲ្យប្រើប្រាស់ ដើម្បីបំពេញយុទ្ធនាការចាក់ដូសជំរុញ សម្រាប់មនុស្សអាយុ ១៨ឆ្នាំឡើងទៅដូចគ្នាផងដែរ។ គិតត្រឹមពេលនេះ ជប៉ុនបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ពេញលេញជូនដល់ប្រជាជន ៨០% ហើយ ក្នុងចំណោមប្រជាជនសរុបជាង ១២៥លាននាក់របស់ខ្លួន៕