(ប៉េកាំង)៖ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) បានបើកដំណើរការទីស្នាក់ការអ្នកកាសែតប្រចាំក្រុងម៉ាណាហ្កា រដ្ឋធានីប្រទេសនីការ៉ាហ្គ័រជាផ្លូវការ។ ក្នុងពិធីសម្ពោធបើកតំណាងអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG)និងតំណាងគណៈកម្មាធិការទូរគមនាគមន៍ និងកិច្ចការស៊ីវិលនីការ៉ាហ្គ័រ បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរ នេះក៏ជាកិច្ចព្រមព្រៀងសហប្រតិបត្តិការ ប្រព័ន្ធសារព័ត៌មានទីមួយបន្ទាប់ពីប្រទេសទាំងពីរ បានភ្ជាប់ទំនាក់ទំនងការទូតឡើងវិញផងដែរ។

លោក Laureano Ortega Murillo ទីប្រឹក្សាប្រធានាធិបតីនីការ៉ាហ្គ័រ បានអញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីនេះថា ប៉ុន្មានថ្ងៃមុននេះ នីការ៉ាហ្គ័របានស្តារទំនាក់ទំនង ការទូតថ្នាក់ឯកអគ្គរដ្ឋទូតឡើងវិញជាមួយប្រទេសចិន។ ពិធីសម្ពោធបើកទីស្នាក់ការអ្នកកាសែត នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន CMG ប្រចាំនៅ ក្រុងម៉ាណាហ្កាគឺតំណាងថាកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសទាំងពីបានសម្រេចមុនគេបង្អស់ចាប់ពីវិស័យសារព័ត៌មាន។

លោកបានគូសបញ្ជាក់ថា អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន CMG ជាប្រព័ន្ធសារព័ត៌មានអន្តរជាតិដ៏សំខាន់ដែលមានឥទ្ធិពលទូលំទូលាយ ក្នុងទ្វីបអាមេរិកឡាទីន និងទូទាំងពិភពលោក, CMG បានបង្កើតទីស្នាក់ការអ្នកកាសែតនៅនីការ៉ាហ្គ័រ មានអំណោយផលដល់ពិភពលោកស្វែងយល់ពី នីការ៉ាហ្គ័រដ៏ពិតប្រាកដ ក៏ដូចជាធ្វើឱ្យប្រជាជននីការ៉ាហ្គ័រ ស្វែងយល់កាន់តែច្រើនពីប្រទេសចិនក្នុងយុគសម័យថ្មី ដែលមានការវិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ផងដែរ។

នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរអន្តរជាតិសម្រាប់វិស័យសារព័ត៌មាននីការ៉ាហ្គ័រ។ សូមបញ្ជាក់ថាទីស្នាក់ការអ្នកកាសែត របស់ CMG ប្រចាំក្រុងម៉ាណាហ្កាជាទីស្នាក់ការអ្នកកាសែតនៅក្រៅប្រទេសទី១៩០ នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន(CMG)៕