(ប៉េកាំង)៖ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាតាមប្រព័ន្ធវីដេអូជាមួយលោក ពូទីន ប្រធានាធិបតីរុស្ស៊ី នៅទីក្រុងប៉េកាំង កាលពីល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១។
លោក Xi Jinping បានថ្លែងថា៖ «កិច្ចសហប្រតិបត្តិការជាក់ស្តែងគ្រប់ជ្រុងជ្រោយរវាងចិន និងរុស្ស៊ីបានបង្ហាញពីឧត្តមភាពធំៗ ទាំងវិស័យនយោបាយ និងកាលានុវត្តភាព។ ក្នុង ៣ត្រីមាស ដើមឆ្នាំ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីចិន និងរុស្ស៊ីបានសម្រេចលើសពី ១សែនលានដុល្លារអាមេរិកជាលើកដំបូង ពេញមួយឆ្នាំ២០២១នេះ ទំហំនេះអាចនឹងកើនឡើងថែមទៀត។
គម្រោងយុទ្ធសាស្ត្រសំខាន់ៗ មួយចំនួនរវាងទ្វេភាគីក៏កំពុងអនុវត្តយ៉ាងល្អដែរ ចំណែកការតភ្ជាប់គំនិតផ្តួចផ្តើម ខ្សែក្រវាត់និងផ្លូវជាមួយសហភាពសេដ្ឋកិច្ច អឺរ៉ាស៊ានក៏ដំណើរការយ៉ាងល្អដែរ។ ប្រទេសទាំងពីរចិន និងរុស្ស៊ីបានបង្ហាញពីភាពទំនួលខុសត្រូវជាវិជ្ជមាននៃប្រទេសធំ បានរួមសាមគ្គីសហគមន៍អន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង បានបកស្រាយពីខ្លឹមសារដ៏ត្រឹមត្រូវនៃប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស បានក្លាយជាសសរស្តម្ហនៃការអនុវត្តពហុភាគីនិយម ដ៏ពិតប្រាកដ ក៏ដូចជាការគាំពារយុត្តិធម៌អន្តរជាតិយ៉ាងពិតៗ៕