(វែលីងតោន)៖ មនុស្សរាប់ពាន់នាក់ បានប្រមូលផ្ដុំគ្នានៅក្នុងទីក្រុងវែលីងតោន (Wellington) ប្រទេសនូវែលសេឡង់ នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងកាតព្វកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 និងវិធានការបិទខ្ទប់ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19 ខណៈប្រទេសនេះ បានឈានដល់ដំណាក់កាលចាក់វ៉ាក់សាំងពេញលេញ (ចំនួន ០២ដូស) ជូនដល់ប្រជាជនរបស់ខ្លួនចំនួន ៩០ភាគរយហើយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២១។
វិធានការបិទខ្ទប់ដ៏តឹងរ៉ឹង និងការចាក់វ៉ាក់សាំងរបស់នូវែលសេឡង់ បានជួយរក្សាការឆ្លងរីករាលដាលនៃជំងឺ COVID-19 និងការស្លាប់ ឱ្យនៅកម្រិតទាប ប៉ុន្តែវាក៏បានរងការរិះគន់ និងការអំពាវនាវរកសិទ្ធិសេរីភាព និងបញ្ចប់កាតព្វកិច្ចចាក់វ៉ាកសាំងផងដែរ។ រដ្ឋាភិបាលនូវែលសេឡង់ បានដាក់ចេញនូវកាតព្វកិច្ច ចាក់វ៉ាក់សាំងចំពោះគ្រូបង្រៀន, បុគ្គលិកក្នុងវិស័យសុខាភិបាល, វិស័យពិការភាព, ប៉ូលិស និងវិស័យសេវាសាធារណៈផ្សេងទៀត។
ក្រុមអ្នកតវ៉ា ដែលភាគច្រើនមិនពាក់ម៉ាស់ បានប្រមូលផ្ដុំគ្នានៅកណ្តាលទីក្រុង Wellington នៅមុខអគារសភាជាតិ។ អ្នកខ្លះបានធ្វើការបាតុកម្មដោយសន្តិវិធី ដោយបានកាន់បដាជាមួយសារដូចជា «សេរីភាពជាងការភ័យខ្លាច», «ការបិទខ្ទប់បំផ្លាញជីវិត» និង «ជនជាតិនូវែលនូសេឡង់មិនមែនជាសត្វកណ្តុរ ក្នុងមន្ទីរ ពិសោធន៍នោះទេ»។ រីឯអ្នកខ្លះទៀត បានកាន់បដាជាមួយ នឹងពាក្យស្លោក «Make America Great Again» របស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump)។
គួរបញ្ជាក់ថា បើតាមរដ្ឋាភិបាលនូវែលសេឡង់ ប្រហែល ៩០ភាគរយនៃចំនួនប្រជាជនដែលមានសិទ្ធិទទួលបានការចាក់វ៉ាក់សាំងនៅប្រទេសនូវែលសេឡង់ ឬប្រហែល ៣.៨លាននាក់ បានទទួលការចាក់វ៉ាក់សាំងពេញលេញរួចរាល់ហើយ៕