(ប៉េកាំង)៖ វិមានបញ្ចកោណអាមេរិកបានថ្លែងនៅថ្ងៃទី ១៣ ខែធ្នូ តាមម៉ោងក្នុងតំបន់ថា បុគ្គលិកយោធាដែលបានចូលរួមករណីវាយប្រហារតាមអាកាស ដោយយន្តហោះគ្មានមនុស្សបើក នៅក្រុងកាប៊ុលនៃប្រទេសអាហ្វហ្គានីស្ថាន ដែលបណ្តាលឱ្យជនស៊ីវិល ១០ នាក់ស្លាប់បាត់បង់ជីវិតនោះ នឹងមិនទទួលរងការដាក់ទណ្ឌកម្មណាមួយឡើយ។

អ្នកនាំពាក្យវិមានបញ្ចកោណអាមេរិកបានថ្លែងថា រឿងនេះគ្រាន់តែជាបញ្ហាតាមរបៀបវារៈប៉ុណ្ណោះ តែមិនមែនជាលទ្ធផលនៃការធ្វេសប្រហែសនោះទេ។

លោកអ្នកមិនបានស្តាប់ខុសទេ ក្នុងរឿងនេះ គ្មានបុគ្គលណានឹងទទួលការដាក់ពីន័យនោះទេ ! ជនស៊ីវិល ១០ នាក់ ក្នុងនោះបូករួមទាំងកុមារ ៧នាក់ បានបាត់បង់ជីវិតដ៏មានតម្លៃរបស់ខ្លួន គ្រាន់តែសំអាងលើពាក្យសម្តីមួយមាត់គឺ «រឿងនេះគ្រាន់តែជាបញ្ហាតាមរបៀបវារៈប៉ុណ្ណោះ»

កាលពីថ្ងៃទី ២៩ ខែសីហា ឆ្នាំនេះ កងទ័ពអាមេរិកបានធ្វើការវាយប្រហារ តាមយន្តហោះគ្មានមនុស្សបើក ទៅលើរថយន្តមួយគ្រឿងនៅក្រុងកាប៊ុល រដ្ឋធានីអាហ្វហ្កានីស្ថានដោយបានអះអាងថា បានលុបចោលការគំរាមកំហែង ទៅលើព្រលានយន្តហោះអន្តរជាតិក្រុងកាប៊ុល ពីសំណាក់បក្ខពួកអង្គការ «រដ្ឋអ៉ីស្លាម» នៅអាហ្វហ្កានីស្ថាន។

ប្រឈមនឹងការចោទជាមន្ទិលសង្ស័យ គ្រប់បែបយ៉ាងពីសហគមន៍អន្តរជាតិ ទីបំផុត វិមានបញ្ចកោណអាមេរិកទទួលស្គាល់ ដោយខានពុំបានថា តាមពិតទៅ កងទ័ពអាមេរិកមិនបានបាញ់សម្លាប់អ្នកដែលពួកគេហៅថា «ភេរវជន» ក្នុងការវាយប្រហារតាមអាកាសនៅក្រុងកាប៊ុល រដ្ឋធានីអាហ្វហ្កានីស្ថានកាលពីថ្ងៃទី ២៩ ខែសីហា នោះទេ ផ្ទុយទៅវិញ បែរជាបានសម្លាប់ជនស៊ីវិល ១០ នាក់ដោយភាន់ច្រឡំ ក្នុងនោះបូករួមទាំងកុមារ ៧ នាក់។

យ៉ាងណាមិញ នៅខែសីហានោះ បន្ទាប់ពីរងការវាយប្រហារដោយការបំផ្ទុះគ្រាប់បែក នៅព្រលានយន្តហោះអន្តរជាតិក្រុងកាប៊ុលរួចមក កងទ័ពអាមេរិកក៏បានចាប់ផ្តើមបាញ់ប្រហារ ទៅកាន់ជនស៊ីវិលដោយឥតប្រណី ។ អំពើហិង្សាយ៉ាងឃោរឃៅដែលសម្លាប់រង្គាលជនស៊ីវិលឥតទោសពៃរ៍ នៅអាហ្វហ្កានីស្ថានបែបនេះ គិតរហូតដល់បច្ចុប្បន្ននេះ នៅមិនទាន់ទទួលបានការជំនុំជម្រះនៅឡើយទេ។

តាមការផ្សាយដំណឹងរបស់ប្រព័ន្ធសារព័ត៌មានអាមេរិក បានឱ្យដឹងថា ក្នុងសង្រ្គាមដែលបានអូសបន្លាយអស់រយៈពេល ២០ ឆ្នាំជាមួយអង្គការភេរវនិយម ដូចជា អង្គការអាល់កៃដានិងអង្គការ «រដ្ឋអ៉ីស្លាម» ជាដើម កទ័ពអាមេរិកបានសម្លាប់ជនស៊ីវិលជាច្រើននៅប្រទេសមួយចំនួន ដូចជា អ៊ីរ៉ាក់ អាហ្វហ្កានីស្ថាន ស៊ីរី និងសូម៉ាលីជាដើម។ ពិតមែនតែភាគីយោធាអាមេរិក បានទទួលស្គាល់ជាញឹកញាប់ថា បានទទួលខុសត្រូវចំពោះជនស៊ីវិលដែលត្រូវសម្លាប់ ដោយសារការវាយប្រហារខុសឆ្គងនៅលើដែនអាកាស ឬលើផ្ទៃដីក៏ដោយ ក៏ប៉ុន្តែ តាមពិតទៅ បែរជាកម្រមានអ្នកទទួលខុសត្រូវជាក់លាក់ណាម្នាក់ ទទួលការផ្តន្ទាទោសណាស់។

អ្នកណាក៏មិនអាចដាស់អ្នកធ្វើពុតជាដេកឱ្យភ្ញាក់បានដែរ តែស្តេចប្ដូរពាក់អាវថ្មីឬអត់ មនុស្សគ្រប់រូបក៏អាចមើលឃើញដែរ ។ នាពេលថ្មីៗកន្លងទៅនេះ អ្វីដែលហៅថា «កិច្ចប្រជុំកំពូលស្តីពីប្រជាធិបតេយ្យ» ដែលរៀបចំធ្វើដោយអាមេរិកនោះ បានបិទបញ្ចប់ក្នុងសភាពស្ងប់ស្ងាត់ ។ សូមសួរថា បើសិនជាអាមេរិកពិតជាចង់ពិភាក្សាពីប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នោះ គួរតែអញ្ជើញក្រុមគ្រួសាររបស់ជនរងគ្រោះអាហ្វហ្កានីស្ថាន ឱ្យចូលរួមកិច្ចប្រជុំដើម្បីឱ្យពិភពលោកទាំងមូល មើលឃើញឱ្យបានច្បាស់ថា អាមេរិកបង្ខំឱ្យអាហ្វហ្កានីស្ថានធ្វើ «កំណែទម្រង់ប្រជាធិបតេយ្យ» អស់រយៈពេល ២០ ឆ្នាំមកនេះ តើបាននាំមកនូវអ្វីខ្លះដល់ប្រទេសអាហ្វហ្កានីស្ថាន!។

យោងតាមទិន្នន័យស្ថិតិបានបង្ហាញថា ចាប់ពីឆ្នាំ ២០០១ មក សង្គ្រាមដែលកើតនៅអាហ្វហ្កានីស្ថាន បានបណ្តាលឱ្យមនុស្សសរុបប្រហែល ២ សែន ៤ ម៉ឺន ១ ពាន់នាក់ស្លាប់បាត់បង់ជីវិត ក្នុងនោះបូករួមទាំងជនសាមញ្ញប្រហែលជាង ៧ ម៉ឺន ១ ពាន់នាក់ ។ សូម្បីតែនៅក្រុងកាប៊ុល រដ្ឋធានីអាហ្វហ្កានីស្ថាន ក៏តែងតែកើតមានរឿងបំផុះគ្រាប់បែក និងសកម្មភាពភេរវកម្មផងដែរ វាសឹងតែក្លាយជាទម្លាប់ទៅហើយ។

គិតរហូតដល់បច្ចុប្បន្ននេះ អាមេរិក និងអង្គការណាតូបានដកទ័ពទាំងអស់ចេញពីអាហ្វហ្កានីស្ថាន ។ ប្រការនេះមានន័យថា សង្គ្រាមដែលបានអូសបន្លាយអស់រយៈពេល ២០ ឆ្នាំលើកនេះបានបញ្ចប់ដោយទាន់ហន់ អ្វីដែលបានសន្យល់ទុកនៅអាហ្វហ្គានីស្ថាន គ្រាន់តែជាភាពខ្ទេចខ្ទាំប៉ុណ្ណោះ។

ក្នុងគ្រានេះ ប្រជាជនអាហ្វហ្កានីស្ថាន ដែលបានរងអំណាចផ្តាច់មុខពីអាមេរិក និងរងសោកនាដកម្មពីការជ្រៀតជ្រែកយោធា រំពឹងទុកយ៉ាងខ្លាំងនូវស្ថានការណ៍សន្តិភាព ដើម្បីស្តារប្រទេស និងអភិវឌ្ឍសេដ្ឋកិច្ចជាតិទ្បើងវិញ ។ លោក Ghulam Jilani Zwak អ្នកវិភាគនយោបាយរបស់អាហ្វហ្កានីស្ថានបានថ្លែងថា ក្នុងរយៈពេលរាប់សិបឆ្នាំកន្លងមក អាហ្វហ្កានីស្ថានបានរងការឈ្លានពាន និងការជ្រៀតជ្រែកពីបរទេស ។ កងទ័ពអាមេរិកបានបោះប្រចាំនៅអាហ្វហ្កានីស្ថាន អស់រយៈពេល ២០ ឆ្នាំ ធ្វើឱ្យប្រជាជនអាហ្វហ្កានីស្ថាន រងទុក្ខវេទនាក្នុងសង្គ្រាមរ៉ាំរ៉ៃ ។ បច្ចុប្បន្ននេះ ដោយសាររងការជ្រៀតជ្រែកពីបរទេស បានធ្វើឱ្យអាហ្វហ្កានីស្ថានក្លាយជា មជ្ឈមណ្ឌលធ្វើសង្រ្គាម និងបដិបក្ខគ្នាក្នុងតំបន់ ។ បើនិយាយចំពោះអាហ្វហ្កានីស្ថាន ប្រទេសធំៗគួរតែបញ្ឈប់ការជ្រៀតជ្រែក និងប្រើប្រាស់ប្រទេសនេះធ្វើជាឈ្នាន់ ដើម្បីបម្រើផលប្រយោជន៍របស់ខ្លួន ។ ដូច្នេះ អ្នកផងទាំងពួងអាចមើលឃើញយ៉ាងច្បាស់ថា «ប្រជាធិបតេយ្យ» ដែលអាមេរិកបង្ខិតបង្ខំឱ្យអនុវត្តនៅបរទេសនោះ គ្រាន់តែជាលេសសម្រាប់ធ្វើអនុត្តរភាពប៉ុណ្ណោះ ។

នាពេលថ្មីៗកន្លងទៅនេះ ស្ថានការណ៍តាមព្រំដែនរវាងរុស្ស៊ី និងអ៊ុយក្រែនមានភាពកាន់តែតានតឹងជាបន្តបន្ទាប់ ក្នុងនោះអាចមើលឃើញយ៉ាងច្បាស់ នូវស្រមោលរបស់អាមេរិក៖ មន្ត្រីក្រសួងការបរទេសអាមេរិកបានអះអាងថា សម្ភារៈជាជំនួយយោធាមួយចំនួន ត្រូវបានដឹកជញ្ជូនទៅដល់ប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី ៩ ខែធ្នូ។ នៅឆ្នាំនេះ អាមេរិកបានផ្តល់ជំនួយផ្នែកសន្តិសុខក្នុងតម្លៃប្រមាណ ៤៥០លានដុល្លារអាមេរិក ដល់ប្រទេសអ៊ុយក្រែនរួចហើយ ។ល។ ដោយសារអាមេរិកបានលូកដៃ ចូលម្តងហើយម្តងទៀត ដូចនេះ អ៊ុយក្រែនកំពុងប្រឈមនឹងហានិភ័យ នៃការប៉ះទង្គិចផ្នែកយោធាដោយទ្រង់ទ្រាយធំ។ យ៉ាងណាមិញ ដោយយកបញ្ហាប្រជាធិបតេយ្យធ្វើជាលេស អាមេរិកបានបង្កភាពវឹកវរ និងបំផ្លាញសន្តិភាពពិភពលោក នេះគ្រាន់តែជាមួយជ្រុងតូចតែប៉ុណ្ណោះ។

ពីការបំផុសសង្គ្រាមនៅអាហ្វហ្កានីស្ថាន អ៉ីរ៉ាក់ លីប៊ី និងស៊ីរីជាដើម ដល់ការញុះញង់ឱ្យបង្ករលកបដិវត្តន៍ពណ៌ដែលហៅថា «រដូវផ្ការីកអារ៉ាប់» នៅតំបន់អាស៊ីនិងអាហ្រ្វិក ពីការញុះញង់ឱ្យបំផុស «បដិវត្តន៍ពណ៌» នៅបណ្តាប្រទេសអឺរ៉ាសៀនរហូតដល់ការប្រើប្រាស់ «អំណាចដៃវែង» នៅអ៉ីរ៉ង់ គុយបា វ៉េណេស៊ុយអេឡា និងចិនជាដើម អនុត្តរភាពរបស់សហរដ្ឋអាមេរិក បានបណ្តាលឱ្យប្រទេសជាច្រើន ធ្លាក់ចូលក្នុងភាពវឹកវរខាងនយោបាយ មានភាពជាប់គាំងខាងការអភិវឌ្ឍ និងប្រជាជនមានជីវភាពក្រីក្រ និងអស្ថិរភាព។

តាមពិតទៅ នៅគ្រាដំបូងដែលអាមេរិកចាត់បញ្ជូនកងទ័ព ទៅកាន់អាហ្វហ្កានីស្ថាន និងអ៊ីរ៉ាក់ជាដើម អាមេរិកក៏ប៉ុនប៉ងធ្វើឱ្យការប្រឆាំងភេរវកម្ម ផ្សារភ្ជាប់ជាមួយនឹងគោលដៅស្តីពី ការអនុវត្តអនុត្តរភាពនិយម និងការធ្វើវិទ្ធង្សនារដ្ឋអំណាចប្រទេសដទៃ ។ ដូច្នេះ អ្វីដែលហៅថា «ប្រឆាំងភេរវកម្ម» ដែលស្វែងរកផលប្រយោជន៍នយោបាយផ្ទាល់ខ្លួន តាមពិតទៅ បានធ្វើឱ្យការប៉ះទង្គិច និងភាពច្របូកច្របល់ក្នុងតំបន់ និងប្រទេសពាក់ព័ន្ធមានភាពកាន់តែធ្ងន់ធ្ងរឡើងៗ ក៏ដូចជាបានបណ្តាលឱ្យកើតសកម្មភាព វាយប្រហារដោយភេរវកម្មជាបន្តបន្ទាប់ ផងដែរ ។

ក្នុងនាមជាប្រទេសមួយដែលមានប្រវត្តិសាស្ត្រតែជាង ២៤០ ឆ្នាំ សង្គ្រាមដែលអាមេរិកបានបង្កឡើងនិងចូលរួមមានដល់ទៅជាង ២០០ លើក ។ គ្រាន់តែបន្ទាប់ពីបញ្ចប់សង្គ្រាមលោកលើកទីពីរកាលពីឆ្នាំ ១៩៤៥ ដល់ឆ្នាំ ២០០១ ក្នុងចំណោមការប៉ះទង្គិចដោយកម្លាំងអាវុធចំនួន ២៤៨ លើកក្នុងតំបន់ចំនួន ១៥៣ នៅលើពិភពលោក អាមេរិកក៏បានបំផុសចំនួន ២០១ លើក ត្រូវជា ៨១ ភាគរយនៃចំនួនសរុប ។ មិនបាច់សង្ស័យឡើយ អាមេរិកគឺជាប្រទេសញៀននឹងសង្គ្រាមបំផុតនៅលើពិភពលោក ។

ក្រៅពីនេះ ការញៀននឹងសង្គ្រាមរបស់អាមេរិក ក៏មានការគិតគូរជាក់ស្តែងខាងសេដ្ឋកិច្ចផងដែរ ។ កាលពីឆ្នាំ ២០១៩ លោក Duterte ប្រធានាធិបតីហ្វីលីពីនធ្លាប់លើកឡើងក្នុងសុន្ទរកថាមួយលើកថា អាមេរិករំពឹងថា សង្គ្រាមអាចដំណើការជាបន្តបន្ទាប់ ពីព្រោះការធ្វើសង្គ្រាមនឹងធ្វើឱ្យប្រទេសដទៃទៀតទិញយន្តហោះ នាវាចម្បាងនិងគ្រាប់កាំភ្លើងពីអាមេរិក ដរាបណាសង្គ្រាមបានបញ្ចប់ នោះអាមេរិកនឹងមនុស្សជាច្រើននាក់នឹងបាត់បង់ការងារ ។ អាចនិយាយបានថា ពាក្យសម្តីរបស់លោក Duterte ចំចំណុចល្អណាស់ ។

អាចមើលឃើញថា អាមេរិកដែលបានបំផុសសង្គ្រាមរហូតដល់បច្ចុប្បន្ននេះ ងប់ងល់នឹងកម្លាំងអាវុធព្រមទាំងឆ្លៀតឱកាសនេះទទួលបានផលកំរៃយ៉ាងច្រើនសន្ធឹក ហើយក៏បានប្រើប្រាក់កំរៃទាំងនេះ ទៅក្នុងសកម្មភាពយោធារបស់ខ្លួន ដែលគ្របដណ្ដប់ទូទាំងពិភពលោក បណ្តាលឱ្យការចំណាយថវិកាយោធារបស់អាមេរិក គួរឱ្យអ្នកផងទាំងពួងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ តាមទិន្នន័យបានបង្ហាញឱ្យឃើញថា នៅឆ្នាំ ២០២០ ថវិកាយោធារបស់អាមេរិកមានដល់ទៅ ៧ សែន ៧ ម៉ឺន ៨ ពាន់លានដុល្លារអាមេរិក ត្រូវជា ៣៩ ភាគរយនៃថវិកាយោធាសរុបនៅទូទាំងពិភពលោក ។ ថវិកាយោធាដ៏ច្រើនសន្ធឹកបានផ្តល់ការទ្រទ្រង់ ដល់អាមេរិកក្នុងការធ្វើអនុត្តរភាពបែបអាមេរិក តាមទំនើងចិត្តនៅលើពិភពលោក ហើយបានបំផុសសង្គ្រាម និងបង្កភាពវឹកវរនៅទូទាំងពិភពលោកឥតឈប់ឈរ។

ទង្វើរបស់រដ្ឋាភិបាលអាមេរិកបែបនេះធ្វើឱ្យពិភពលោកអាចមើលឃើញយ៉ាងច្បាស់ថា៖អ្វីដែលអាមេរិកនាំចេញមិនមែនប្រជាធិបតេយ្យនោះទេ តែគឺសង្គ្រាមនិងភាពវឹកវរ ប្រសិនបើរំពឹងទុកថា អាមេរិកដែលជាប្រទេសមានហ្សែនធ្វើអនុត្តរភាពតាំងពីកំណើតមក អាចគាំពារសិទ្ធិមនុស្សរបស់ប្រទេសដទៃទៀត នោះហាក់ដូចជាសុំយកស្បែកពីខ្លា៕ (#CCFRComment#)