(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១៣៦,៥៩០នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១,៦៩០នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៥១,២៩០,៩៧៩ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៨២៣,៣៩០នាក់ និងជាសះស្បើយឡើងសរុបជាង ៤០.៣៤លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។

អ្នកជំនាញកំពូលនៃសហរដ្ឋអាមេរិក លោក អាន់ថូនី ហ្វាវស៊ី (Anthony Fauci) បានលើកឡើងនៅថ្ងៃពុធសប្តាហ៍នេះថា វ៉ាក់សាំងបង្ការ COVID-19 ដូសជំរុញដែលមានស្រាប់នាពេលបច្ចុប្បន្ន មានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងថ្មី Omicron ហើយនេះអាចជាហេតុផលមួយ ដែលយើងមិនចាំបាច់ត្រូវផលិត ឬមានវ៉ាក់សាំងដូស «ជំរុញជាពិសេស» សម្រាប់វីរុសបំប្លែងថ្មីនេះទេ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជាង ៤៨៧លានដូស ក្នុងនោះប្រជាជន ២៣៩.៥៥លាននាក់ (៧២.៧% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស, ២០០.៩៥លាននាក់ (៦១% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង ៥៥.០៣លាននាក់ (១៦.៧% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់ដូសជំរុញ៕