(វ៉ាស៊ីនតោន)៖ វ៉ាក់សាំងបង្ការ COVID-19 ដូសជំរុញដែលមានស្រាប់នាពេលបច្ចុប្បន្ន មានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងថ្មី Omicron ហើយនេះអាចជា ហេតុផលមួយមិនចាំបាច់ផលិត ឬមានវ៉ាក់សាំងដូសជំរុញជាពិសេសសម្រាប់វីរុសបំប្លែងថ្មីនេះទេ។ នេះបើតាមអ្នកជំនាញអាមេរិក ដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២១។
អ្នកជំនាញផ្នែកជំងឺឆ្លងរបស់សហរដ្ឋអាមេរិក លោក Anthony Fauci ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយនៅឯសេតវិមាន នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន)។ ថ្លែងនាឱកាសនោះ លោក Fauci បានបញ្ជាក់ដូច្នេះថា «របបវ៉ាក់សាំងដូសជំរុញរបស់យើង នៅតែមានប្រសិទ្ធភាពប្រឆាំង Omicron ហើយក្នុងស្ថានភាពបច្ចុប្បន្ន មើលទៅនៅមិនចំាបាច់មានវ៉ាក់សាំងដូសជំរុញជាពិសេស សម្រាប់វីរុសបំប្លែងថ្មី ណាមួយទេ»។
គួរបញ្ជាក់ថា ការលើកឡើងរបស់លោក Anthony Fauci កើតមានឡើងបន្ទាប់ពីក្រុមហ៊ុនផលិតវ៉ាក់សាំងអាមេរិក Pfizer កាលពីសប្ដាហ៍មុនបានអះអាងថា វ៉ាក់សាំងដូសទី៣ ឬដូសជំរុញរបស់ខ្លួនមានប្រសិទ្ធភាពខ្ពស់ប្រឆាំង Omicron នៅក្នុងការធ្វើតេស្ដមួយនៅឯមន្ទីរពិសោធន៍។ ប៉ុន្តែ ក្រុមហ៊ុននេះក៏ទទួលស្គាល់ ដែរថាវ៉ាក់សាំង ២ដូស មានប្រសិទ្ធភាពទាបប្រឆាំងវីរុសបំប្លែងថ្មីនេះ៕