(ព្រុចសែល)៖ មេដឹកនាំនៃប្រទេសបារាំង និងអាល្លឺម៉ង់នៅថ្ងៃពុធសប្តាហ៍នេះ បានជំរុញឲ្យមានកិច្ចសន្ទនាជាបន្ទាន់ ជាមួយនឹងប្រទេសរុស្ស៊ី ខណៈការដាក់សម្ពាធលើទីក្រុងម៉ូស្គូ ក៏នៅតែបន្តទៅមុខផងដែរ ដើម្បីទប់ស្កាត់អ្វីដែលបណ្តាប្រទេសលោកខាងលិច មើលឃើញថា រុស្ស៊ីកំពុងត្រៀមវាយប្រហារអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២១។

ការជំរុញឲ្យមានកិច្ចសន្ទនាជាមួយរុស្ស៊ី ត្រូវបានប្រកាសនៅក្នុងជំនួបត្រីភាគីរវាង ប្រធានាធិបតីបារាំងលោក អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង (Emmanuel Macron), អធិការបតីថ្មីរបស់អាល្លឺម៉ង់លោក អូឡាហ្វ សូលស៍ (Olaf Scholz) និងប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលែនស្គី (Volodymyr Zelenskiy) នៅក្នុងផ្នែកមួយនៃកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប។ នេះបើតាមការគូសបញ្ជាក់ ដោយមន្ត្រីការិយាល័យប្រធានាធិបតីបារាំង។

យោងតាមប្រភពដដែលបានឲ្យដឹងទៀតថា មេដឹកនាំទាំង ៣ ប្រទេសនេះ ក៏បានធ្វើការប្តេជ្ញាឡើងវិញ ចំពោះការស្វែងរកដំណោះស្រាយ ប្រកបដោយនិរន្តរភាព ចំពោះវិបត្តិបច្ចុប្បន្ន ដើម្បីរក្សាឲ្យបាននូវអធិបតេយ្យភាព និងបូរណភាពទឹកដី សម្រាប់ប្រទេសអ៊ុយក្រែនផងដែរ។ ប្រធានាធិបតីអ៊ុយក្រែនបានថ្លែងថា លោកត្រៀមខ្លួនជានិច្ចដើម្បីបើកកិច្ចសន្ទនា និងចរចាជាមួយរុស្ស៊ី ប៉ុន្តែលោកក៏ចង់ឃើញគោលនយោបាយដាក់ទណ្ឌកម្ម ដ៏រឹងមាំពីសំណាក់លោកខាងលិច ចំពោះរុស្ស៊ីផងដែរ ដើម្បីបញ្ចៀសការបង្កហេតុដូចនេះទៀត នៅថ្ងៃអនាគត។

គួរបញ្ជាក់ថា ប្រទេសអ៊ុយក្រែនបច្ចុប្បន្ននេះ ត្រូវបានគេមើលឃើញថា កំពុងក្លាយជាចំណុចក្តៅ នៃការបញ្ចេញសាច់ដុំដាក់គ្នារវាងលោកខាងលិច និងមហាអំណាចយោធាលេខ ២ លើពិភពលោក នោះគឺរុស្ស៊ី។ សហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ បានចោទប្រកាន់ប្រទេសរុស្ស៊ីថា បានដាក់ពង្រាយកងកម្លាំងយោធា ក្នុងទ្រង់ទ្រាយធំរហូតដល់ទៅ ១០០,០០០នាក់ នៅតំបន់ជាប់ព្រំដែនអ៊ុយក្រែន ដែលជាការរៀបចំត្រៀមឈ្លានពាន។ ប៉ុន្តែទីក្រុងម៉ូស្គូបានអះអាងតបវិញថា នេះជាចំណាត់ការដើម្បីការពារខ្លួនប៉ុណ្ណោះ៕