(ហុងកុង)៖ ការសិក្សាថ្មីមួយបានបង្ហាញថា វីរុស COVID-19 បំប្លែងថ្មី Omicron រីកចម្រើនធំធាត់យ៉ាងឆាប់រហ័ស ដោយអាចបង្កើនចំនួនបរិមាណវីរុសបាន ច្រើនជាង ៧០ដង បើធៀបទៅនឹងវីរុសបំប្លែងខ្លួន Delta នៅក្នុងជាលិកាភ្ជាប់ប្រព័ន្ធផ្លូវដង្ហើម ដែលអាចសម្រួលដល់ការចម្លងជំងឺ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២១។

បើតាមការសិក្សាខាងលើដែលកំពុងស្ថិតនៅក្រោមការវាយតម្លៃ ដើម្បីចេញផ្សាយជាផ្លូវការ ដោយក្រុមអ្នកជំនាញនៃសាកលវិទ្យាល័យហុងកុង (Hong Kong University) នៅក្នុងជាលិកាសួត, វីរុសបំប្លែងថ្មី Omicron «អាចចម្លងខ្លួនឯងឡើងវិញ» ១០ដង យឺតជាងវីរុស COVID-19 ដើមរបស់វា ដែលនេះមានន័យថា
វាមិនបង្កឱ្យអ្នកជំងឺធ្លាក់ខ្លួនឈឺធ្ងន់នោះទេ។

ជាមួយគ្នានោះដែរ នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ ចេញផ្សាយដោយសាកលវិទ្យាល័យហុងកុង ប្រធានក្រុមសិក្សាស្រាវជ្រាវ លោកវេជ្ជបណ្ឌិត ម៉ៃខឺល ចាន់ ជីវ៉ៃ (Michael Chan Chi-wai) បានឱ្យដឹងថា វាពិតជាមានសារៈសំខាន់ណាស់ ក្នុងការកត់សម្គាល់ថា អ្នកជំងឺធ្លាក់ខ្លួនឈឺធ្ងន់ មិនមែនកំណត់ដោយត្រឹមតែការចម្លងខ្លួនឯង ឡើងវិញរបស់វីរុសតែមួយមុខនោះទេ ប៉ុន្តែវាក៏កំណត់ផងដែរដោយការឆ្លើយតប នៃប្រព័ន្ធភាពសុំារបស់មនុស្សទៅនឹងវីរុស។
វេជ្ជបណ្ឌិតរូបនេះបានបន្ថែមទៀតថា ជាធម្មតានៅពេលមនុស្សកាន់តែច្រើនឡើងឆ្លងវីរុស នោះវាអាចនឹងបង្កឱ្យអ្នកជំងឺធ្លាក់ខ្លួនឈឺធ្ងន់ ឬក៏អាចស្លាប់បាន ទោះជាវីរុសនោះមិនសូវបង្កជំងឺក៏ដោយ។ ជាក់ស្ដែង បើតាមការសិក្សាកាលពីពេលថ្មីៗនេះបានបង្ហាញថា Omicron អាចទម្លុះបានមួយផ្នែក នៃប្រព័ន្ធភាពសុំាបង្កើតឡើងដោយវ៉ាក់សាំង និងអ្នកធ្លាប់ឆ្លង រួចម្ដងហើយ (លាប់ជំងឺឡើងវិញ)។ ដូច្នេះបើវីរុសនេះឆ្លងរាតត្បាតក្នុងចំនួនកាន់តែច្រើន នោះវាក៏នឹងបង្កការគំរាមកំហែងកាន់តែធ្ងន់ផងដែរ។

គួរបញ្ជាក់ថា ការសិក្សាខាងលើដដែល ក៏បានរកឃើញផងដែរថា មនុស្ស ៤នាក់ ក្នុងចំណោម ១០នាក់ បានឆ្លងជំងឺ COVID-19 ដោយមិនលេចចេញរោគសញ្ញា ឬមិនដឹងថាខ្លួនបានឆ្លងជំងឺមួយនេះ ហើយក្នុងនោះទៀតសោត ករណីឆ្លងមិនចេញរោគសញ្ញា ត្រូវបានគេរាយការណ៍ច្រើនជាងគេ នៅក្នុងតំបន់អាមេរិកខាងជើងក្នុងអត្រា ៤៦ភាគរយ, តំបន់អឺរ៉ុប ៤៤ភាគរយ និងតំបន់អាស៊ី ២៨ភាគរយ៕