(ញូយ៉ក)៖ នៅសហរដ្ឋអាមេរិក សាកលវិទ្យាល័យភាគច្រើន បានលុបចោលនូវព្រឹត្តិការណ៍នានា ខណៈការបំបែកកំណត់ត្រានៃចំនួនករណីឆ្លងជំងឺ COVID-19 ត្រូវបានរាយការណ៍នៅក្នុងក្របខណ្ឌបាល់ទាត់ជាតិ ហើយការតំរង់ជួរដ៏វែង ដើម្បីធ្វើតេស្តរកជំងឺ COVID-19 បានកើតឡើងនៅទីក្រុងញូយ៉ក ចំពេលមានការកើនឡើងយ៉ាងគំហុក នៃករណីឆ្លងជំងឺ COVID-19 និងការព្រួយបារម្ភអំពីវីរុសបំប្លែងថ្មី Omicron ដែលបានរំខានដល់ជីវិតរបស់ជនជាតិអាមេរិកម្តងទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២១។

សាកលវិទ្យាល័យ នៅក្នុងទីក្រុងញូយ៉ក បានលុបចោលការជួបជុំ និងព្រឹត្តិការណ៍ «មិនសំខាន់» ចោលទាំងអស់ ជុំវិញការព្រួយបារម្ភ និងការប្រុងប្រយ័ត្ន ដើម្បីទប់ស្កាត់រលកថ្មីនៃការឆ្លងរីករាលដាលជំងឺ COVID-19។ នៅទូទាំងសហរដ្ឋអាមេរិក ក្នុងរយៈពេលមួយខែកន្លងមកនេះ ករណីឆ្លងជំងឺ COVID-19 ថ្មីៗបានកើនឡើងជិត ៥០ភាគរយ ខណៈការសម្រាកព្យាបាលជំងឺ COVID-19 នៅមន្ទីរពេទ្យ ក៏បានកើនឡើងប្រហែល ៤០ភាគរយផងដែរ។

នាយកមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) របស់សហរដ្ឋអាមេរិក លោកស្រីវេជ្ជបណ្ឌិត រ៉ូជែល រ៉លែនស្គី (Rochelle Walensky) បាននិយាយនៅក្នុងបទសម្ភាសន៍មួយ នៅថ្ងៃពុធសប្ដាហ៍នេះថា យ៉ាងហោចណាស់ មានរដ្ឋចំនួន ៣៦ បានរាយការណ៍ពីការរកឃើញករណីឆ្លងវីរុសបំប្លែងថ្មី Omicron ដែលស្មើនឹងប្រហែល ៣ភាគរយនៃករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស។

រីឯនៅកន្លែងធ្វើតេស្តរកជំងឺ COVID-19 នៅជាយក្រុង ឈីកាហ្គោ (Chicago) នៃរដ្ឋ អ៊ីលលីណយស៍ (Illinois) ចំនួនមនុស្សដែលស្វែងរកការធ្វើតេស្ត បានកើនឡើងជិត ២ដងក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកនៅតែកំពុងនាំមុខគេលើពិភពលោក ទៅលើចំនួនករណីឆ្លងជំងឺ COVID-19 និងករណីស្លាប់ផងដែរ៕