(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃពុធនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន១៥,៥២៧ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១។

ករណីឆ្លងថ្មីៗខាងលើជាករណីឆ្លងក្នុងស្រុកទាំងអស់។ ដោយឡែកទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងសម្រាប់ករណីឆ្លងថ្មីថ្ងៃនេះចំនួន១,២៧០ករណី ខណៈរដ្ឋធានីហាណូយដែលជាចំណុចក្តៅទី២ បានរាយការណ៍ចំនួន១,០២៤ករណី។

ក្នុងរបាយការណ៍ថ្ងៃពុធនេះដែរ ក្រសួងសុខាភិបាលវៀតណាម ក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺកូវីដ១៩ ចំនួន២៨៣នាក់បន្ថែមទៀតផងដែរ។

សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះវៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១,៤៥៩,១៧៥នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១,០៦៣,៤២៨នាក់ ចំណែកអ្នកស្លាប់សរុបចំនួន ២៨,៦១៦នាក់៕