(ប៊ែរឡាំង)៖ បណ្ដាប្រទេសអឺរ៉ុបកាន់តែច្រើន បានចាប់ផ្ដើមធ្វើយុទ្ធនាការចាក់ វ៉ាក់សាំងបង្ការ COVID-19 សម្រាប់កុមារពី ៥ឆ្នាំ ដល់ ១១ឆ្នាំ នៅថ្ងៃពុធនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ទប់ស្កាត់ការកើនឡើងករណីឆ្លង និងរក្សាបើកសាលារៀនជាធម្មតា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅល្ងាចថ្ងៃពុធ ទី១៥ ខែធ្នូ ឆ្នាំ២០២១។

ប្រទេសអាល្លឺម៉ង់, អេស្ប៉ាញ, ក្រិក និងហុងគ្រី គឺសុទ្ធតែស្ថិតនៅក្នុងចំណោមប្រទេស ដែលចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារ ចំពោះមុខការព្រួយបារម្ភពីការឆ្លងរាលដាល នៃវីរុសបំប្លែងថ្មី Omicron។ ចំណែកឯប្រទេសក្រិកវិញ រដ្ឋមន្ត្រីក្រសួងអប់រំក្រិកលោកស្រី នីគី កឺរ៉ាមឹស (Niki Kerameus) ត្រូវបានគេរាយការណ៍ថា បានស្ថិតនៅក្នុងចំណោមអ្នក ដែលនាំកូនទៅចាក់វ៉ាក់សាំងបង្ការ នៅមន្ទីរពេទ្យក្នុងទីក្រុងអាតែន។

គួរបញ្ជាក់ថា និយតករឱសថអឺរ៉ុប កាលពីខែវិច្ឆិកាកន្លងទៅ បានអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំងបង្ការ COVID-19 ផលិតដោយក្រុមហ៊ុន Pfizer-BioNTech សម្រាប់កុមារមានអាយុពី ៥ឆ្នាំ ដល់ ១១ឆ្នាំ ដែលត្រូវបានគេចាត់ទុកថា ជាក្រុមមនុស្សងាយរងគ្រោះ ឬមានហានិភ័យខ្ពស់ឆ្លង COVID-19៕