(ម៉ានីល)៖ ប្រទេសហ្វីលីពីន នៅថ្ងៃពុធនេះបានរាយការណ៍ពីការរកឃើញករណីឆ្លងវីរុស COVID-19 បំប្លែងថ្មី Omicron ចំនួន ០២ករណីជាលើកដំបូងរបស់ខ្លួន នៅលើអ្នកដំណើរចំនួន ០២នាក់មកពីប្រទេសនីហ្សេរីយ៉ា និងជប៉ុន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃពុធ ទី១៥ ខែធ្នូ ឆ្នាំ២០២១។

បើតាមអាជ្ញាធរសុខាភិបាលហ្វីលីពីន (DOH) ជនជាតិនីហ្សេរីយ៉ាម្នាក់ បានធ្វើដំណើរមកដល់ទីក្រុងម៉ានីល (Manila) ប្រទេសហ្វីលីពីន កាលពីថ្ងៃទី៣០ ខែវិច្ឆិកា តាមរយៈជើងហោះហើរ Oman Air ខណៈជនជាតិហ្វីលីពីនមា្នក់ទៀត បានធ្វើដំណើរត្រលប់មកពីប្រទេសជប៉ុនវិញ និងបានចូលមកដល់ហ្វីលីពីនកាលពីថ្ងៃទី០១ ខែធ្នូ តាមរយៈក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីន។ ពួកគេទាំងពីរនាក់នេះ បានធ្វើតេស្ដវិជ្ជមានចំពោះវីរុស COVID-19 បំប្លែងថ្មី Omicron ហើយឥឡូវនេះត្រូវបានដាក់ឱ្យនៅ ដាច់ដោយឡែកពីគេ។ ជនជាតិហ្វីលីពីន មានរោគសញ្ញានៃជំងឺផ្តាសាយ និងក្អកនៅពេលមកដល់។

ជុំវិញបញ្ហានេះ អាជ្ញាធរសុខាភិបាលហ្វីលីពីន កំពុងកំណត់រកទំនាក់ទំនងជិតស្និទ្ធដែលអាចកើតមានក្នុងចំណោមអ្នករួមដំណើរ ក្នុងអំឡុងពេលហោះហើរជាមួយករណី ទាំងពីរនេះ ហើយក៏កំពុងផ្ទៀងផ្ទាត់លទ្ធផលតេស្ត និងស្ថានភាពសុខភាពរបស់អ្នកដំណើរទាំងអស់នៃជើងហោះហើរទាំងនេះផងដែរ ដើម្បីកំណត់ថាតើមានករណីដែល ត្រូវបានបញ្ជាក់ផ្សេងទៀត ឬអ្នកដំណើរដែលបានចេញជារោគសញ្ញា បន្ទាប់ពីការមកដល់ដែរឬទេ៕