(ប៉េកាំង)៖ គិតរហូតដល់ថ្ងៃទី១៣ ខែធ្នូ ម៉ោងនៅក្នុងតំបន់អាមេរិក បានរកឃើញករណីឆ្លងជំងឺកូវីដ១៩ សរុបលើសពី៥០លាននាក់ ករណីស្លាប់សរុបជិត៨សែននាក់ ដែលបានឈរនៅលំដាប់ថ្នាក់ទីមួយលើពិភពលោក។ នៅពេលដែលសាកលវិទ្យាល័យ Johns Hopkins របស់អាមេរិកប្រកាសតួលេខថ្មីបំផុតដូចពោលខាងលើ ច្បាស់ជាដក់ជាប់នៅក្នុងអារម្មណ៍របស់ប្រជាពលរដ្ឋអាមេរិក ក្រៅពីការឈឺចាប់និងក្រៀមក្រំ ក៏មានការខឹងសម្បារយ៉ាងខ្លាំងដែរ។ រីឯអ្នកនយោបាយអាមេរិកដែលគ្រប់ពេលវេលាតែងតែស្រែកថា «ប្រជាធិបតេយ្យ» និង «សិទ្ធិមនុស្ស» ទាំងនោះ មិនដឹងថាពួកគេមានអំណះអំណាងអ្វី មកនិយាយពាក្យពីរនេះជាប់មាត់?

៥០លាននាក់ និង៨សែននាក់ តើតួលេខដ៏ធ្ងន់ធ្ងរទាំងពីរនេះមានន័យយ៉ាងដូចម្ដេច? តួលេខទីមួយស្មើនឹង១ភាគ៥ នៃចំនួនករណីអ្នកឆ្លងជំងឺកូវីដ១៩សរុប ដែលបានរកឃើញនៅទូទាំងពិភពលោក ហើយតួលេខទីពីរជាចំនួនសរុបអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ ដែលច្រើនជាងផលបូកនៃចំនួនអ្នកស្លាប់ក្នុងសង្រ្គាមលោកលើកទីមួយ សង្គ្រាមលោកលើកទីពីរ សង្គ្រាមកូរ៉េខាងជើង សង្គ្រាមរៀតណាម សង្គ្រាមអ៊ីរ៉ាក់ និងសង្គ្រាមអាហ្វហ្គានីស្ថានទៅទៀត ។

បើរំលឹកឡើងវិញពីដំណើរទាំងស្រុង ដែលជំងឺកូវីដ១៩ផ្ទុះឡើង និងរីករាលដាលនៅអាមេរិក មជ្ឈដ្ឋានខាងក្រៅអាចប្រទះឃើញដោយងាយៗថា ចាប់ពីពេលដំបូងមក ការងារបង្ការជំងឺកូវីដ១៩ ក៏រងការខកខានដោយសារអ្នកនយោបាយទាំងឡាយ គិតពិចារណាតែផលប្រយោជន៍ផ្នែកនយោបាយ។ ដើម្បីធ្វើការបោះឆ្នោតសកល ប្រធានាធិបតីអាមេរិកអាណត្តិមុន បានបដិសេធការបង្ការជំងឺកូវីដ១៩ដោយវិទ្យាសាស្ត្រ ហើយតម្កល់ផលប្រយោជន៍ផ្នែកនយោបាយ លើសពីអាយុជីវិតរបស់ប្រជាជន។

ដោយឡែក ដើម្បីបង្វែរទំនាស់ទៅកាន់បរទេស អ្នកដឹកនាំអាមេរិកអាណត្តិបច្ចុប្បន្ន បែរជាធ្វើអ្វីដែលហៅថា ការស្វែងរកប្រភពដើមនៃវីរុសកូវីដ១៩តាមវិធីនយោបាយ ក្នុងន័យទម្លាក់កំហុសឱ្យប្រទេសផ្សេងៗ ប្រការទាំងនេះបានរារាំងយ៉ាងខ្លាំង នូវដំណើរការនៃការបង្ការជំងឺកូវីដ១៩ របស់អាមេរិក។ ប្រព័ន្ធសារព័ត៌មានអាមេរិកជាច្រើនបានលើកឡើងថា បើសិនជាអាមេរិកអាចទប់ទល់នឹងជំងឺឆ្លងដោយវិទ្យាសាស្ត្របាន នោះមនុស្សជាច្រើននឹងមិនចាំបាច់លះបង់អាយុជីវិតនោះទេ។

ក្រៅពីនេះ មានសហគ្រាសជាច្រើនបានបិទទ្វារ ដែលធ្វើឱ្យប្រជាពលរដ្ឋអាមេរិកជាច្រើននាក់ បានបាត់បង់ការងារក្នុងរយៈពេលយូរ។ រីឯគោលនយោបាយរូបិយវត្ថុរបានរំញោចឱ្យ អតិផរណាមានកម្រិតកាន់តែខ្ពស់ សន្ទស្សន៍CPI របស់អាមេរិកក្នុងខែវិច្ឆិកា បានកើនឡើង៦.៨ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលជិត៤០ឆ្នាំចុងក្រោយនេះ ច្បាស់ណាស់ សភាពការណ៍បែបនេះធ្វើឱ្យប្រជាពលរដ្ឋអាមេរិក មានការព្រួយបារម្ភនិងអស់សង្ឃឹមកាន់តែខ្លាំងឡើង។

ការរីករាលដាលនៃជំងឺកូវីដ១៩លើកនេះ បានលាតត្រដាងនូវបដិវាទកម្មលើគ្រប់វិស័យរបស់អាមេរិក ដូចជាលើវិស័យនយោបាយ សេដ្ឋកិច្ចនិងសង្គមជាដើម ដែលបានក្លាយជាកែវពង្រីកបង្ហាញពី គុណវិបតិ្តរបស់ប្រជាធិបតេយ្យបែបអាមេរិក។ ដូចកាសែត «Le Monde» របស់ប្រទេសបារាំងបានចុះផ្សាយលើកឡើងថា វិបត្តិជំងឺកូវីដ១៩បានលាតត្រដាងនូវភាពផុយស្រួយ របស់របបប្រជាធិបតេយ្យបែបអាមេរិក។

៥០លាននាក់ និង៨សែននាក់ ដែលជាតួលេខដ៏ធ្ងន់ធ្ងរទាំងពីរនេះ បានផ្តល់ការព្រមានម្តងទៀតដល់ អ្នកនយោបាយនៅវ៉ាស៊ីនតោន។ ពួកគេគួរតែផ្ដោតទៅលើសុខភាព និងសុវត្ថិភាពរបស់ប្រជាជនជាកិច្ចការអាទិភាព និងចាត់ទុកប្រជាជនជាចម្បងយ៉ាងពិតប្រាកដ៕