(ព្រុចសែល)៖ បណ្តារដ្ឋាភិបាលនៅក្នុងសហភាពអឺរ៉ុប (EU) នៅថ្ងៃអង្គារសប្ដាហ៍នេះ បានអះអាងសាជាថ្មីអំពីការសន្យារបស់ពួកគេ ក្នុងការអនុញ្ញាតឱ្យបណ្ដាប្រទេសនៅតំបន់ បាល់កង់ (Balkan) ចំនួន ៦ ចូលរួមក្នុងប្លុកនេះនៅថ្ងៃអនាគត ដោយជំរុញសហភាពអឺរ៉ុប (EU) ឆ្ពោះទៅរកការបើកកិច្ចចរចាជាមួយ ប្រទេសម៉ាសេដូនីខាងជើង (North Macedonia) និងអាល់បានី (Albania)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នារសៀលថ្ងៃពុធ ទី១៥ ខែធ្នូ ឆ្នាំ២០២១។

អស់រយៈពេលជាងមួយឆ្នាំមកនេះ ផែនការរបស់សហភាពអឺរ៉ុបក្នុងការកសាង «សម្ពន្ធមិត្ត» ចាប់ពីប្រទេសអ៊ុយក្រែន (Ukraine) ទៅដល់ប្រទេសទុយនីស៊ី (Tunisia) ដោយការផ្តល់នូវទំនាក់ទំនងជិតស្និទ្ធ ពាណិជ្ជកម្ម និងជំនួយត្រូវបានជាប់គាំង ដោយសារតែអ្នកនយោបាយអឺរ៉ុបភ័យខ្លាច ផលវិបាកជះមកពីបញ្ហាជនអន្តោប្រវែសន៍។ បណ្ដាប្រទេសនៅតំបន់ Balkan ទាំង ៦ នោះរួមមាន ស៊ែប៊ី (Serbia), កូសូវ៉ូ (Kosovo), ម៉ុងតេណេហ្គ្រោ (Montenegro), បូស្នី (Bosnia-Herzegovina), អាលបានី (Albania) និង ម៉ាសេដូនីខាងជើង (North Macedonia)។

បណ្តារដ្ឋមន្ត្រីនៃប្រទេសអឺរ៉ុបទាំង ២៧ បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ ស្តីអំពីគោលនយោបាយរបស់ខ្លួនថា «ក្រុមប្រឹក្សាបានបញ្ជាក់ឡើងវិញ នូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការពង្រីក ដែលវានៅតែជាគោលនយោបាយសំខាន់ របស់សហភាពអឺរ៉ុប។ ក្រុមប្រឹក្សា ក៏បានបញ្ជាក់ឡើងវិញ នូវការគាំទ្រជាក់ស្តែងរបស់សហភាពអឺរ៉ុប ចំពោះទស្សនវិស័យអឺរ៉ុបទៅលើតំបន់បាល់កង់ខាងលិច (Western Balkan) ផងដែរ»

សេចក្តីថ្លែងការណ៍ខាងលើនេះបានបន្ថែមថា «ក្រុមប្រឹក្សា នៅតែទន្ទឹងរង់ចាំដល់ការរៀបចំ សន្និសីទអន្តររដ្ឋាភិបាលលើកដំបូង ជាមួយសាធារណរដ្ឋម៉ាសេដូនីខាងជើង និងជាមួយអាល់បានី ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»