(វ៉ាស៊ីនតោន)៖ ភាពតានតឹងរវាងរុស្ស៊ី និងលោកខាងលិចបានឈានដល់ចំណុចអាក្រក់មិនធ្លាប់មាន គិតចាប់តាំងពីសង្គ្រាមត្រជាក់បានបញ្ចប់ទៅ ៣ទសវត្សរ៍មកនេះ ដោយមកទល់នឹងពេលនេះ មិនមានសញ្ញាណាមួយបង្ហាញថាលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នឹងកែប្រែចិត្តដកកងទ័ពចេញពីតំបន់ស្ថិតនៅក្បែរព្រំដែនអ៊ុយក្រែន ដោយសារតែការព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីលោកខាងលិចនោះទេ។

លោក ពូទីន បានបង្ហើបពីចេតនាចង់ជួបពិភាក្សាការងារដោយផ្ទាល់ជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ប៉ុន្តែខាងសេតវិមានមិនទាន់ឆ្លើយតបអ្វីឡើយ។ វិបត្តិ រវាងរុស្ស៊ី និងអ៊ុយក្រែន មិនមែនជារឿងថ្មីថ្មោងទេ តែវាជាការធ្វើតេស្ដលើរដ្ឋបាលលោក ចូ បៃដិន ក្នុងការដោះស្រាយបញ្ហានេះដែរ បន្ទាប់ពីទទួលរកការរិះគន់យ៉ាងខ្លាំង ជុំវិញការដកកងទ័ពចេញពីអាហ្វហ្កានីស្ថាន ដែលត្រូវបានគេចាត់ទុកថាជាការត្រួសត្រាយផ្លូវមួយឱ្យក្រុមតាលីបង់ឡើងកាន់អំណាចសាជាថ្មី។ មិនតែប៉ុណ្ណោះ បរាជ័យ នៅអាហ្វហ្កានីស្ថានក៏បានបំផ្លាញផងដែរឥទ្ធិពលរយៈពេលវែងរបស់លោក បៃដិន ដោយវាបាន និងកំពុងផ្ដល់លទ្ធភាពកាន់តែច្រើនថាលោក ដូណាល់ ត្រាំ ឬបេក្ខជន ប្រធានាធិបតីដទៃ មកពីគណបក្សសាធារណរដ្ឋ ដែលចូលចិត្តមេដឹកនាំផ្ដាច់ការ អាចនឹងត្រឡប់មកដឹកនាំសហរដ្ឋអាមេរិក នៅឆ្នាំ២០២៥។

តែទោះជាបែបនេះក្ដី, មួយរយៈកាលចុងក្រោយនេះ សេតវិមានរបស់លោក បៃដិន ក៏សម្រេចបានសមិទ្ធផលមួយចំនួនដែរ ដូចជាការប្រមូលផ្ដុំកម្លាំងសម្ពន្ធមិត្តដើម្បី ដាក់សម្ពាធលើទីក្រុង ម៉ូស្គូ នៅក្រោយជំនួបតាមប្រព័ន្ធវីដេអូរវាងលោក បៃដិន និងលោក ពូទីន កាលពីសប្ដាហ៍មុន។ នៅក្នុងកិច្ចប្រជុំក្នុងទីក្រុង Liverpool កាលពីចុងសប្ដាហ៍កន្លងទៅនេះ ក្រុមរដ្ឋមន្ត្រីការបរទេស នៃប្រទេស G7 បានចេញសេចក្ដីថ្លែងការណ៍រួមមួយដោយព្រមានរុស្ស៊ីពីផលវិបាក និងការខាតបង់ធ្ងន់ធ្ងរ ប្រសិនបើទីក្រុងម៉ូស្គូ បើកការវាយប្រហារលើអ៊ុយក្រែន ដែលក្រុមមន្ត្រីចារកម្មអាមេរិកជឿជាក់ថាអាចនឹងកើតឡើងនៅខែមករា ឬខែកុម្ភៈ ដើមឆ្នាំ២០២២ខាងមុខ។

នៅក្នុងសេចក្ដីថ្លែងការណ៍រួមដដែល រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកស្រី Liz Truss បានលើកឡើងដូច្នេះថា «យើងចង់បញ្ជាក់ឱ្យច្បាស់ថារាល់ការឈ្លានពាន ណាមួយរបស់រុស្ស៊ី លើអ៊ុយក្រែន នឹងបង្កផលវិបាក និងការខាតបង់យ៉ាងសម្បើមដល់រុស្ស៊ី»។ លោកស្រីបន្ថែមថា បណ្ដាប្រទេសប្រជាធិបតេយ្យទាំងអស់ត្រូវតែបញ្ឈប់ ការពឹងផ្អែកលើថាមពលរុស្ស៊ី ដែលនេះគឺចង់សំដៅទៅលើគម្រោងបំពង់ឧស្ម័ន Nord Stream 2 ពីរុស្ស៊ីទៅកាន់អាល្លឺម៉ង់។ ការព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ច មិនមែនជា វិធានការមានប្រសិទ្ធភាពខ្លាំងណាស់ណានោះទេ តែយ៉ាងហោចណាស់វាអាចធ្វើឱ្យរុស្ស៊ីថ្លឹងថ្លែងពីផលវិបាកដែលបង្កឡើង ដោយការឈ្លានពានចូលអ៊ុយក្រែន។

ឆ្លើយតបទៅនឹងសេចក្ដីថ្លែងការណ៍ G7 ស្ថានទូតរុស្ស៊ីប្រចាំទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស បានអះអាងជាថ្មីបន្ថែមពីលើវិមានក្រឹមឡាំងថាទីក្រុង ម៉ូស្គូ មិនមានចេតនា បើកការវាយប្រហារលើអ៊ុយក្រែន នោះទេ។ «ខណៈរុស្ស៊ីមិនមានចេតនាវាយប្រហារលើអ៊ុយក្រែន ស្ថានភាពនៅក្នុងសង្រ្គាមស៊ីវិលក្នុងប្រទេសអ៊ុយក្រែនកាន់តែមាន សភាពធ្ងន់ធ្ងរ ដោយសារតែភាពគ្មានទំនួលខុសត្រូវ និងការគាំទ្រយោធាឥតឈប់ឈរបស់ NATO និងអង់គ្លេស ដល់អ៊ុយក្រែន»។ នេះបើតាមស្ថានទូតរុស្ស៊ី ប្រចាំទីក្រុងឡុងដ៍។

ការព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់លោកខាងលិច អាចនឹងមានប្រសិទ្ធខ្លះដែរ តែវាក៏អាចត្រូវបានលោក ពូទីនប្រើប្រាស់ទាញយកប្រយោជន៍ ឬសម្បទានពីលោកខាងលិចវិញដែរ។ បើតាមទូរទស្សន៍រដ្ឋរុស្ស៊ី លោក ពូទីន បានប្រាប់ប្រធានាធិបតីអាមេរិក លោក បៃដិន នៅក្នុងជំនួបតាមប្រព័ន្ធវីដេអូកាលពីសប្ដាហ៍មុនថាលោក ចង់អង្គុយពិភាក្សាទល់មុខគ្នា ហើយការចេញផ្សាយព័ត៌មាននេះកើតមានឡើង ក្រោយមន្ត្រីជាន់ខ្ពស់ម្នាក់នៃក្រសួងការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអ៉ឺរ៉ុប លោកស្រី Karen Donfried ត្រូវបានគេរាយការណ៍ថានឹងបំពេញទស្សនកិច្ចទៅកាន់រុស្ស៊ី និងអ៊ុយក្រែន ក្នុងសប្ដាហ៍នេះ។

ជាការពិតណាស់, លោក ពូទីន ក៏ធ្លាប់បានប្រើយុទ្ធសាស្ត្រដាក់ពង្រាយកងទ័ពនៅក្បែរតំបន់ព្រំដែនអ៊ុយក្រែនផងដែរ រហូតដល់ធ្វើឱ្យលោក បៃដិន យល់ព្រមចូលរួមក្នុង កិច្ចប្រជុំ ជាមួយលោកក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីខែមិថុនា ឆ្នាំ២០២១នេះ។ ម្លោះហើយ ប្រសិនបើមានជំនួបថ្មីណាមួយកើតឡើងមែន នោះទាំងអាមេរិក និងអឺរ៉ុប នឹងត្រូវទទួលស្គាល់ការពិតមួយថាលោក ពូទីន នៅតែជាមនុស្សសំខាន់ ហើយមានតែការជជែកជាមួយលោក ពូទីនទេ ទើបអាចបន្ធូរបន្ថយភាពតានតឹងបាន ដែលនេះនឹងក្លាយជាឱកាសឱ្យបុរសខ្លាំងរុស្ស៊ីរូបនេះដាក់សម្ពាធឱ្យអាមេរិក និងអឺរ៉ុបផ្ដល់សម្បទានតាមដែលលោកត្រូវការ។

គួរបញ្ជាក់ថា នៅពេលត្រូវបានសាកសួរពីជំនួបកំពូលរវាងលោក បៃដិន និងលោក ពូទីន, រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken មិនបានឆ្លើយត្រង់ៗនឹង សំណួរនេះទេ ដោយគ្រាន់តែថាសហរដ្ឋអាមេរិក និងសម្ពន្ធមិត្តអឺរ៉ុបកំពុងស្វែងរកការបន្ធូរបន្ថយភាពតានតឹង ក៏ដូចជាធ្វើយ៉ាងណាឱ្យរុស្ស៊ីដកកងទ័ពរបស់ខ្លួនចេញពី តំបន់ក្បែរព្រំដែនអ៊ុយក្រែន៕

ប្រភព៖ CNN (ថ្ងៃអង្គារ ទី១៤ ខែធ្នូ ឆ្នាំ២០២១)