(ហ្សឺណែវ)៖ ទីភ្នាក់ងារមួយរបស់អង្គការសហប្រជាជាតិ នៅថ្ងៃអង្គារនេះបានបញ្ជាក់ថា សីតុណ្ហភាពតំបន់អាក់ទិចរហូតដល់លើសពី ៣៨អង្សាសេ ត្រូវបានកត់ត្រានៅឯក្រុងមួយនៃតំបន់ស៉ីបេរី ក្នុងប្រទេសរុស្ស៉ី កាលពីឆ្នាំមុន កំលុងបាតុភូតរលកកម្តៅយ៉ាងអូសបន្លាយមួយ ដែលបានបង្កការព្រួយបារម្ភជាខ្លាំង អំពីភាពធ្ងន់ធ្ងរឡើងនៃបញ្ហាកើនឡើងកម្តៅភពផែនដី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៤ ខែធ្នូ ឆ្នាំ២០២១។

អង្គការឧតុនិយមអន្តរជាតិ (WMO) របស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា ក្រុងឈ្មោះថា វើខូយ៉ាង (Verkhoyansk) ជាទីដែលសីតុណ្ហភាពឈានដល់កម្រិតដូចខាងលើ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅចម្ងាយ១១៥គីឡូម៉ែត្រ ភាគខាងជើងតំបន់រង្វង់អាក់ទិច។ អង្គការ WMO បានបន្តថា នាពេលអនាគត គឺវាអាចទៅរួចដែលការប្រែប្រួលខ្លាំងថែមទៀត នឹងអាចកើតឡើងនៅតំបន់អាក់ទិច។

គួរបញ្ជាក់ថា កំណត់ត្រាសីតុណ្ហភាពខាងលើសម្រាប់តំបន់អាក់ទិច ស្ថិតក្នុងចំណោមការស៉ើបអង្កេតជាច្រើនទៀត ដែលអង្គការ WMO បានបើកធ្វើឡើងចំពោះស្ថានភាពប្រែប្រួលផ្សេងៗនៃធាតុអាកាស នៅលើពិភពលោកយើង ខណៈដែលបញ្ហាប្រែប្រួលអាកាសធាតុ បាននិងកំពុងជះឥទ្ធិពលកាន់តែជាក់ស្តែងឡើងៗ ក្នុងទម្រង់ជាខ្យល់ព្យុះ ទឹកជំនន់ និងរលកកម្តៅ កាន់តែអាក្រក់ទៅៗ៕