(វីយែន)៖ ប្រទេសអ៊ីរ៉ង់នៅថ្ងៃអង្គារ ទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ បានចោទប្រកាន់មហាអំណាចលោកខាងលិចថា បានបន្តលេង «ល្បែងទម្លាក់កំហុស» របស់ពួកគេ ចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ពោលគឺរយៈពេល ១ថ្ងៃបន្ទាប់ពីអ្នកការទូតអឺរ៉ុបបានព្រមានថា កិច្ចព្រមព្រៀងនេះ នឹងរលាយសាបសូន្យក្នុងពេលឆាប់ៗនេះ ប្រសិនបើមិនត្រូវបានស្តារឡើងវិញនោះទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

អ្នកចរចាកំពូលរបស់អ៊ីរ៉ង់ លោក អាលី បាហ្កឺរី កានី (Ali Bagheri Kani) បានសរសេរនៅលើគណនីបណ្ដាញសង្គម Twitter របស់លោកថា «តួអង្គមួយចំនួន នៅតែប្រកាន់ទម្លាប់លេងល្បែងទម្លាក់កំហុសរបស់ពួកគេ ជាជាងបង្ហាញជំហរការទូតពិតប្រាកដ។ យើងបានលើកឡើងនូវគំនិត តាំងពីដើមកន្លងមករបស់យើង ហើយបានធ្វើការប្រកបដោយភាពស្ថាបនា និងភាពបត់បែន ដើម្បីបន្ធូរបន្ថយគម្លាត។ ការទូតគឺជាផ្លូវពីរ។ ប្រសិនបើមានឆន្ទៈពិតប្រាកដ ក្នុងការដោះស្រាយកំហុសនានានោះ ផ្លូវសម្រាប់ស្រោចស្រង់កិច្ចព្រមព្រៀងដ៏ល្អមួយ នឹងត្រូវបានត្រួសត្រាយ»

គួរបញ្ជាក់ថា នៅក្នុងការវាយតម្លៃបែបទុទិដ្ឋិនិយម ទៅលើកិច្ចចរចារវាងអ៊ីរ៉ង់ និងមហាអំណាចលោកខាងលិច នៅទីក្រុងវីយែន (Vienna) ប្រទេសអូទ្រីស កាលពីថ្ងៃចន្ទសប្ដាហ៍នេះ អ្នកការទូតមកពីចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ បានព្រមានថា «ពេលវេលាជិតអស់ហើយ» ក្នុងការស្ដារកិច្ចព្រមព្រៀង ដែលពួកគេបានប្រើពាក្យថា នឹង «រលាយសាបសូន្យូ» ក្នុងពេលឆាប់ៗខាងមុខនេះ នៅដោយសារកិច្ចចរចា ដែលគ្មានការបោះជំហានទៅមុខ៕