(វ៉ាស៉ីនតោន)៖ មជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺ (CDC) របស់សហរដ្ឋអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បានចេញសេចក្ដីណែនាំ កុំឱ្យពលរដ្ឋរបស់ខ្លួនធ្វើដំណើរទៅកាន់ប្រទេសអ៊ីតាលី កោះហ្គ្រីនលែនរប ស់ដាណឺម៉ាក និងប្រទេសដែនកោះម៉ូរីសនៅអាហ្រ្វិកខាងកើត ដោយលើកឡើងពីការព្រួយបារម្ភអំពី ការកើនឡើងនៃករណីឆ្លងជំងឺ COVID-19 នៅប្រទេស-តំបន់ទាំងនោះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៤ ខែធ្នូ ឆ្នាំ២០២១។

នៅថ្ងៃចន្ទសប្ដាហ៍នេះ CDC សហរដ្ឋអាមេរិក បានបញ្ចូលបន្ថែមប្រទេសអ៊ីតាលី និងម៉ូរីសទៅក្នុងកម្រិតប្រកាសអាសន្នលេខ៤ ដែលជាកម្រិតប្រកាសអាសន្នពីជំងឺ COVID-19 «ខ្ពស់បំផុត» ខណៈករណីឆ្លងនៃជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ កំពុងកើនឡើងនៅជុំវិញពិភពលោក។ នាពេលឥឡូវនេះ បញ្ជីប្រកាសអាសន្នរបស់ CDC សហរដ្ឋអាមេរិក មានប្រទេសចំនួន ៨៤ហើយ ដែលក្នុងនោះមានស្ទើរតែទាំងអស់ នៃបណ្ដាប្រទេសនៅក្នុងទ្វីបអឺរ៉ុប។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក ក៏បានដាក់ចេញនូវគោលការណ៍ថ្មី ដែលចូលជាធរមានកាលពីថ្ងៃទី០៦ ខែធ្នូនេះផងដែរ ដោយតម្រូវឱ្យអ្នកដំណើរតាមផ្លូវអាកាសអន្តរជាតិ ដែលមកដល់សហរដ្ឋអាមេរិក បង្ហាញលទ្ធផលតេស្តអវិជ្ជមាននៃជំងឺ COVID-19 ក្នុងរយៈពេលមួយថ្ងៃនៃការធ្វើដំណើរ ខណៈគោលការណ៍ពីមុន កំណត់ឲ្យអ្នកធ្វើដំណើរតាមផ្លូវកាសអន្តរជាតិ ដែលបានទទួលការចាក់វ៉ាក់សាំងរួចរាល់ អាចបង្ហាញលទ្ធផលតេស្តអវិជ្ជមាននៃជំងឺ COVID-19 ក្នុងរយៈពេលបីថ្ងៃ គិតចាប់ពីថ្ងៃចេញដំណើររបស់ពួកគេ៕