(ប៉េកាំង)៖ ពេលថ្មីៗកន្លងទៅនេះ ប្រទេសមួយចំនួនតូចដូចជាសហរដ្ឋអាមេរិក និងអង់គ្លេសជាដើមអះអាងថា នឹងមិនចាត់បញ្ជូនមន្ត្រីទៅចូលរួមការប្រកួត កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងទេ។ មូលហេតុដោយសារភាគីចិន មិនបានផ្ញើសារលិខិតអញ្ជើញទៅកាន់ប្រទេសពាក់ព័ន្ធ ដូច្នេះការសម្តែងអាកប្បកិរិយារបស់ប្រទេសទាំងនោះ គ្រាន់តែជាការឃោសនាបំប៉ោងខាងនយោបាយតែប៉ុណ្ណោះ។ មិនថាមន្ត្រីរបស់ពួកគេចូលរួមឬអត់ ក៏មិនអាចប៉ះពាល់ដល់ដំណើរការប្រកួត កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ប្រកបដោយជោគជ័យបានឡើយ។

តាមទម្លាប់នៃការប្រកួតកីឡាអូឡាំពិក មេដឹកនាំប្រទេសនានាចូលរួមការប្រកួតកីឡាអូឡាំពិក គឺត្រូវទទួលបានការអញ្ជើញពីគណៈកម្មាធិការកីឡាអូឡាំពិក ប្រទេសដែលជាម្ចាស់ផ្ទះ និងចុះឈ្មោះក្នុងប្រព័ន្ធគណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិ។ ប្រទេសមួយចំនួនតូចអះអាងថា នឹងមិនចាត់បញ្ជូនមន្ត្រីទៅចូលរួម ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ដោយសារតែពុំបានទទួលបានការអញ្ជើញ ក្នុងគោលបំណងដើម្បីសម្របនឹង កម្លាំងប្រឆាំងប្រទេសចិនរបស់ប្រទេសខ្លួន និងស្វែងរកផលប្រយោជន៍នយោបាយ ទន្ទឹមនឹងនេះ ឆ្លៀតឱកាស «បង្ករឿងហេតុ» ដល់ប្រទេសចិន ក៏ដូចជាបង្ខូចកិត្តិយសរបស់ប្រទេសចិនផងដែរ។

ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ជាព្រឹត្តិការណ៍ដ៏ឱឡារិករបស់អត្តពលិកអូឡាំពិករដូវរងា និងអ្នកស្រឡាញ់កីឡាព្រិលទឹកកកទូទាំងពិភពលោក តែមិនមែនជាឆាកសម្តែងល្ខោន របស់អ្នកនយោបាយនោះទេ។ ការសម្តែងអាកប្បកិរិយារបស់ប្រទេសមួយចំនួនតូច ដូចជាសហរដ្ឋអាមេរិក និងអង់គ្លេសជាដើម គ្រាន់តែជាសំឡេងរំខានតិចៗប៉ុណ្ណោះ វាមិនអាចប៉ះពាល់ដល់ការរំពឹងទុកយ៉ាងរាក់ទាក់កក់ក្តៅ របស់សហគមន៍អន្តរជាតិ ចំពោះការប្រកួតកីឡាអូឡាំពិកក្រុងប៉េកាំងនោះឡើយ។

បច្ចុប្បន្ននេះ លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិនិងលោក ភូទីន ប្រធានាធិបតីរុស្ស៊ីសុទ្ធតែបានបង្ហាញថា នឹងតបតាមការអញ្ជើញ ចូលរួមពិធីសម្ពោធបើក ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង។ តាមការផ្សាយដំណឹងនៃក្រសួងការបរទេសចិនបានឱ្យដឹងថា នៅមានប្រមុខរដ្ឋនិងរដ្ឋាភិបាល និងសមាជិកព្រះរាជវង្សានុវង្សជាច្រើនរូប បានចុះឈ្មោះចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង។ ហើយប្រទេសជាច្រើនដូចជាកូរ៉េខាងត្បូង អាហ្វ្រិកខាងត្បូង និងវ៉េណេស៊ុយអេឡាជាដើមបានសម្តែងការគាំទ្រយ៉ាងពេញទំហឹង ចំពោះព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង តាមរបៀបទីទៃគ្នា។

ស្របពេលជាមួយគ្នានេះ កីឡាករកីឡាការិនីរបស់ប្រទេសនានាលើពិភពលោក បានបង្ហាញនូវការរំពឹងទុកយ៉ាងខ្លាំង ដើម្បីត្រៀមខ្លួនចូលរួមការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង។ តាមទិន្នន័យស្ថិតិនៃគណៈកម្មាធិការត្រៀមរៀបចំ ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងឱ្យដឹងថា គិតមកទល់ថ្ងៃទី១៧ខែវិចិ្ឆកា គណៈកម្មាធិការកីឡាអូឡាំពិក ដែលមកពីទ្វីបអឺរ៉ុប សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលីនិងនូវែលហ្សេឡង់ បានដាក់ពាក្យស្នើសុំចុះឈ្មោះចំនួនជាង ១៤,០០០ច្បាប់ ត្រឹមតែគណៈកម្មាធិការកីឡាអូឡាំពិកសហរដ្ឋអាមេរិក ក៏ចុះឈ្មោះចំនួន ១,៥២៨ច្បាប់ដែរ។

បច្ចុប្បន្ននេះ សភាពការណ៍ជំងឺកូវីដ១៩សកល នៅតែមានសភាពធ្ងន់ធ្ងរដដែល ហើយការប៉ះទង្គិចក៏បានកើតឡើងម្តងទៀតនៅតំបន់មួយចំនួន។ ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ដែលរៀបចំឡើងក្នុងបរិបទនេះ មិនត្រឹមតែជាព្រឹត្តិការណ៍កីឡាដ៏ឱឡារិកមួយលើកប៉ុណ្ណោះទេ ថែមទាំងក៏បានប្រមូលផ្តុំការរំពឹងទុករបស់ប្រជាជនទូទាំងពិភពលោក ចំពោះសាមគ្គីភាព សន្តិភាពនិងមិត្តភាពផងដែរ។ ប្រទេសមួយចំនួនតូចដូចជាសហរដ្ឋអាមេរិក និងអង់គ្លេសជាដើមមិនអាចតំណាងឱ្យមហាគ្រួសារកីឡាអូឡាំពិកនោះទេ «ជឿជាក់ថា ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង នឹងរៀបចំឡើងដោយជោគជ័យនិងទទួលបានលទ្ធផលជាទីគាប់ចិត្ត» នេះទើបជាបំណងរួមរបស់សហគមន៍អន្តរជាតិ៕ (#CCFR Comment#)