(យូអិន)៖ រុស្ស៊ី នៅថ្ងៃចន្ទសប្ដាហ៍នេះ បានបោះឆ្នោតវេតូ (Veto) ចំពោះដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលលើកឡើងថា ការប្រែប្រួលអាកាសធាតុ ជាការគំរាមកំហែងសន្តិសុខពិភពលោក ខណៈដំណោះស្រាយនេះត្រូវបានគាំទ្រដោយរដ្ឋសមាជិកភាគច្រើននៃអង្គការសហប្រជាជាតិ (UN)។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៤ ខែធ្នូ ឆ្នាំ២០២១។

សេចក្តីព្រាងដំណោះស្រាយ ដែលគាំទ្រយ៉ាងពេញទំហឹងដោយប្រទេសនីហ្សេរីយ៉ា និងអៀរឡង់ បានអំពាវនាវដល់អគ្គលេខាធិការ UN លោក អាន់តូនីញ៉ូ ហ្គូធឺរែស (Antonio Guterres) ឱ្យ «រួមបញ្ចូលហានិភ័យសន្តិសុខដែលទាក់ទងនឹងអាកាសធាតុជាធាតុផ្សំកណ្តាលចូលទៅក្នុងយុទ្ធសាស្ត្រការពារជម្លោះដ៏ទូលំទូលាយ»។

សេចក្តីព្រាងដំណោះស្រាយនេះ ក៏បានអំពាវនាវឱ្យប្រធាន UN រាយការណ៍ក្នុងរយៈពេល ០២ឆ្នាំ «អំពីផលប៉ះពាល់សន្តិសុខ» នៃការប្រែប្រួលអាកាសធាតុលើបញ្ហា ដែលត្រូវបានដោះស្រាយដោយក្រុមប្រឹក្សាសន្តិសុខ ហើយបានស្វែងរកអនុសាសន៍អំពីរបៀបដែលហានិភ័យទាំងនេះអាចត្រូវបានដោះស្រាយ។ អត្ថបទនេះបានទទួល ការគាំទ្រពីប្រទេសជាសមាជិកចំនួន ១២ ក្នុងចំណោមសមាជិកចំនួន ១៥ នៃក្រុមប្រឹក្សាសន្តិសុខ។

រុស្ស៉ី បានបោះឆ្នោតវេតូ ខណៈប្រទេសចិន បានបោះឆ្នោតអនុបវាទ ហើយប្រទេសឥណ្ឌា បានបោះឆ្នោតប្រឆាំង ដោយលើកហេតុផលថា ការឡើងកម្ដៅផែនដី គឺជាបញ្ហាចម្បងដែលទាក់ទងនឹងការអភិវឌ្ឍន៍សេដ្ឋកិច្ច ជាជាងសន្តិសុខអន្តរជាតិ។

ជុំវិញបញ្ហានេះ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំ UN លោកស្រី លីនដា ថូម៉ាស់ ហ្គ្រីនហ្វៀល (Linda Thomas-Greenfield) បានសង្កត់ធ្ងន់ថា «គ្មានហេតុផលណាមួយ» សម្រាប់ការបោះឆ្នោតវេតូរបស់ទីក្រុងម៉ូស្គូនោះទេ ព្រោះថា «វិបត្តិអាកាសធាតុគឺជាវិបត្តិសន្តិសុខ»។

ចំណែកឯ លោកស្រី Geraldine Byrne Nelson បេសកជន UN នៃប្រទេសអៀរឡង់ ក៏បានលើកឡើងនៅថ្ងៃចន្ទសប្ដាហ៍នេះមុនការបោះឆ្នោតដែរថាដំណោះស្រាយ នេះគ្រាន់តែជា «ជំហានដំបូងតិចតួចប៉ុណ្ណោះ។ យើងត្រូវយល់ឱ្យកាន់តែច្បាស់រវាងសន្តិសុខ និងការប្រែប្រួលអាកាសធាតុ។ យើងត្រូវមើលវាជាសកល»។

សមភាគីរបស់លោកស្រី មកពីប្រទេសនីហ្សេរីយ៉ា លោក Abdou Abarry បានហៅការបោះឆ្នោតវេតូ ចំពោះសេចក្តីព្រាងដំណោះស្រាយនេះថាជា «ការមើលឃើញខ្លី» តែប៉ុណ្ណោះ៕